បទភាជនីយនៃឱមសវាទសិក្ខាបទ
អធិប្បាយ បទភាជនីយនៃឱមសវាទសិក្ខាបទ ជាតិនៃបុគ្គលដែលធ្វើជាងចាំងឈើ ឈ្មោះថា វេណជាតិ ។ អាចារ្យពួកខ្លះពោលថា វេឡុការជាតិ ដូច្នេះក៏មាន ។ ជាតិនៃព្រានម្រឹគជាដើម ឈ្មោះថា នេសាទជាតិ ។ ជាតិនៃបុគ្គលអ្នកធ្វើស្បែក ឈ្មោះថា រថការជាតិ ( ជាតិនៃអ្នកធ្វើ រថ ) ។ ជាតិនៃអ្នកចាក់ផ្កា ឈ្មោះថា បុក្កុសជាតិ ( ជាតិអ្នកចាក់សំរាម ) ។ ពាក្យថា អវកណ្ណកា ជាឈ្មោះរបស់ពួកទាសៈ ព្រោះ ដូច្នោះ ទើបជាពាក្យថោកទាប ។ បទថា ឱញាតំ ប្រែថា ដែលគេមើលងាយ ភិក្ខុពួកខ្លះសូធ្យថា ឧញ្ញាតំ ដូច្នេះក៏មាន ។ បទថា អវញ្ញាតំ ប្រែថា ដែលគេបន្ទាបបន្ថោក ។ បទថា ហីឡិតំ ប្រែថា ដែលគេស្អប់ខ្ពើម ។ បទថា បរិភូតំ ប្រែថា ដែលគេមើលងាយថា នឹងមានប្រយោជន៍អ្វី ដោយមនុស្សនេះ ។ បទថា អចិតីកតំ ប្រែថា ដែលគេមិនធ្វើនូវការគោរពកោតក្រែង ។ ការងារជាងឈើ ឈ្មោះថា កោដ្ឋកកម្ម ។ ម្រាមមេដៃ ឈ្មោះថា មុទ្ធា ( វិជ្ជាជាងរាប់ ) ។ ការរាប់ ដ៏សេស មានការរាប់មិនដាច់ខ្សែជាដើម ឈ្មោះថា គណនា ។ គំនូសអក្សរ ឈ្មោះថា លេខា ( វិជ្ជានៃការសរសេរ ) ។ រោគទឹកនោមផ្អែម លោកហៅថា រោគឧក្កដ្ឋ ព្រោះមិនមាន វេទនា ។ បទថា បដិកង្ខា ប្រែថា គប្បីប្រាថ្នា ។ ពីរបទថា យការេន វា ភការេន វា សេចក្តីថា ពាក្យជេរដែល ប្រកបដោយ យ អក្ខរៈ និង ភ អក្ខរៈ ( ឈ្មោះថា ពាក្យជេរថោកទាប ) ។ ក្នុងបទថា កាដកោដចិកាយ វា នេះ និមិត្តនៃបុរស ឈ្មោះថា កាដ និមិត្តន្រៃស្តី ឈ្មោះថា កោដចិកា ។