បទសោធម្មសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៤ ដូចតទៅនេះ បទថា អប្បតិស្សា បានដល់ មិនកោតក្រែង អធិប្បាយថា កាលឆព្វគ្គិយភិក្ខុពោលថា នែឧបាសកទាំងឡាយ សូម្បីពាក្យសម្តីក៏មិនចង់ ស្តាប់ គឺមិនអើពើ ។ ម្យ៉ាងទៀត សេចក្តីថា មិនមានការកោតក្រែង មិន ប្រព្រឹត្តឱនលំទោន ។ បទថា អសភាគវុត្តិកា បានដល់ អ្នកមានការរស់នៅមិនត្រូវអធ្យាស្រ័យ អធិប្បាយថា ដែលមានការប្រព្រឹត្តមិនដំណើរទៅ ដូចដែលពួក ឧបាសកគួរប្រព្រឹត្តក្នុងពួកភិក្ខុ ។ បទថា បទសោ ធម្មំ វាចេយ្យ សេចក្តីថា ឲ្យពោលធម៌ជាបទជាបទ រួមគ្នា ( ជាមួយអនុបសម្បន្ន ) អធិប្បាយថា ឲ្យពោល ( ធម៌ ) ជា កោដ្ឋាសៗ ( ជាចំណែកៗ ) ។ ក៏ព្រោះបទដែលមានឈ្មោះថា កោដ្ឋាស នោះ មាន ៤ យ៉ាង ដូច្នោះ ដើម្បីសម្តែងបទទាំង ៤ យ៉ាងនោះ ទើបព្រះឧបាលិ ពោលទុកក្នុងបទភាជនៈថា បទ អនុបទ អនុអក្ខរៈ អនុព្យញ្ជនៈ ។ បណ្តា បទ ជាដើមនោះ បទ សំដៅយកបាទទី ១ នៃគាថា អនុបទ សំដៅយកបាទទី ២ អនុអក្ខរៈ សំដៅយកអក្សរមួយតួៗ អនុព្យញ្ជនៈ សំដៅយកព្យញ្ជនៈចុងក្រោយដូចគ្នានឹងព្យញ្ជនៈដើម ។ អ្នកសិក្សា គប្បីជ្រាបការផ្សេងគ្នាក្នុងបទជាដើមនោះយ៉ាងនេះថា អក្ខរៈមួយតួប្រភេទណាមួយ ឈ្មោះថា អនុអក្ខរៈ ប្រជុំអក្ខរៈ ឈ្មោះថា អនុព្យញ្ជនៈ ប្រជុំអក្ខរៈ និងអនុព្យញ្ជនៈ ឈ្មោះថា បទ, បទទី ១ ក៏ឈ្មោះថា បទ, បទទី ២ ឈ្មោះថា អនុបទ ។ ឥឡូវនេះ បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យក្នុងបទថា បទំ នាម ឯកតោ បដ្ឋបេត្វា ឯកតោ ឱសាបេន្តិ ដូចតទៅនេះថា កាលភិក្ខុឲ្យពោលធម៌ ទាក់ទង ដោយគាថា ផ្តើមបទដំបូងថា មនោបុព្វង្គមា ធម្មា ដំណាលគ្នានឹងអនុបសម្បន្ន ហើយឲ្យចប់ដំណាលគ្នា ។