មុសាវាទវគ្គ សិក្ខាបទទី ៥

ក្បាលទី 3 · ទំព័រ 505

សិក្ខាបទទី ៥ សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ កាលគង់នៅ អគាឡវចេតិយ ជិតក្រុងអាឡវី ។ សម័យនោះឯង ពួកឧបាសកតែងមកកាន់ អារាមដើម្បីនឹងស្តាប់ធម៌ ។ កាលបើធម្មកថិកសម្តែងធម៌ចប់ហើយ ពួកភិក្ខុ ជាថេរៈក៏ទៅកាន់ទីដែលខ្លួននៅ ។ ភិក្ខុបួសថ្មីទាំងឡាយ ក៏ភ្លេចសតិ មិនដឹងខ្លួន ជាអ្នកអាក្រាតកាយ ថ្ងូរស្រមុកដេកលក់ជាមួយនឹងឧបាសកទាំងឡាយ ក្នុងសាលាសម្រាប់ធ្វើបុណ្យនោះឯង ។ ឧបាសកទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនទំនងជាមនុស្សភ្លេចសតិ មិនដឹងខ្លួន ជាអ្នកអាក្រាតកាយ ថ្ងូរស្រមុកសិងលក់ឡើយ ។ ភិក្ខុទាំងឡាយ បានឮពាក្យរបស់ឧបាសកទាំងឡាយនោះ ពោលទោសតិះដៀល បន្តុះបង្អាប់ ហើយ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ ពោលទោសតិះដៀល បន្តុះបង្អាប់ថា មិនសមបីភិក្ខុទាំងឡាយសិងជាមួយនឹង អនុបសម្បន្នឡើយ ។ ខណៈនោះឯង ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះ ព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុទៅសិងជាមួយនឹងអនុបសម្បន្ន ( រឿងនេះ ) ពិតឬ ។ ភិក្ខុ ទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន ។ ព្រះពុទ្ធ ជាម្ចាស់ ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរស ទាំងនោះ មិនទំនងដេកជាមួយនឹងអនុបសម្បន្នសោះ ម្នាលភិក្ខុទាំងឡាយកម្ម នេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ បេ ។