សហសេយ្យកសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៥ ដូចតទៅនេះថា ពីរបទថា មុដ្ឋស្សតី អសម្បជានា នេះ ព្រះមានព្រះភាគ ត្រាស់ដោយអំណាចការមិនធ្វើសតិសម្បជញ្ញៈក្នុងបុព្វភាគ ។ ក្នុងកាលដែល ចិត្តធ្លាក់ចុះកាន់ភវង្គ សតិសម្បជញ្ញៈនឹងមានអំពីណា ។ បទថា វិកុជ្ជមានា គឺមមើមមាយ ។ បទថា កាកច្ឆមានា បានដល់ បន្លឺសំឡេងមិនមានសេចក្តី ដូច សំឡេងក្អែកតាមច្រមុះ ។ បទថា ឧបសកា បានដល់ ពួកឧបាសកដែលក្រោកឡើងមុន ។ ពីរបទថា ឯតទវោចុំ សេចក្តីថា ភិក្ខុទាំងឡាយបានពោល ពាក្យនេះថា នែរាហុល សិក្ខាបទនេះ ព្រះមានព្រះភាគទ្រង់បញ្ញត្តទុកហើយ ដូច្នេះ ដោយគោរពក្នុងសិក្ខាបទនោះឯង ។ តែដោយប្រក្រតី ព្រោះការ គោរពក្នុងព្រះមានព្រះភាគ និងព្រោះរាហុលជាអ្នកស្រឡាញ់ក្នុងការសិក្សា ភិក្ខុទាំងនោះ កាលរាហុលសាមណេរនោះមកកាន់ទីលំនៅ ទើបរៀបចំគ្រែ តូចៗ ឬបង្អែកឯណាមួយដែលនៅមាន ហើយប្រគេនចីវរ ( សង្ឃាដី ) ឬ ឧត្តរាសង្គ ដើម្បីឲ្យធ្វើជាគ្រឿងទទូរក្បាល ។ ក្នុងការដែលរាហុលសាមណេរ ជាអ្នកប្រាថ្នាក្នុងការសិក្សានោះ ( មានពាក្យជាគ្រឿងសាធកៈ ) ដូចតទៅ នេះថា បានឮថា ភិក្ខុទាំងឡាយឃើញរាហុលសាមណេរនោះ កំពុងមកអំពី ចម្ងាយ រមែងដាក់អំបោស និងបង្គីសំរាមទុកខាងក្រៅ ។ បន្ទាប់មក កាល ភិក្ខុពួកដទៃពោលថា អាវុសោ នរណាយកមកទុកចោល ដូច្នេះ ភិក្ខុមួយ ពួកទៀតនឹងពោលយ៉ាងនេះថា អាវុសោ រាហុលសាមណេរត្រាច់មកក្នុង ប្រទេសនេះ ប្រហែលលោកទុកចោលទេដឹង ឯរាហុលសាមណេរនោះ មិន ធ្លាប់ពោលសូម្បីតែម្តងថា នេះមិនមែនជាការធ្វើរបស់ខ្ញុំទេ ក៏ទុកដាក់អំបោស ជាដើមនោះហើយ សូមខមាទោសភិក្ខុទាំងឡាយជាមុន ទើបទៅ ។