ទុតិយសហសយ្យកសិក្ខាបទ

ក្បាលទី 3 · ទំព័រ 528

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសហសេយ្យកសិក្ខាបទ ដូចតទៅនេះ បទថា អាវសថាគារំ បានដល់ ផ្ទះសម្នាក់របស់ពួក អាគន្តុកៈ ។ ពីរបទថា បញ្ញត្តំ ហោតិ បានដល់ ជាទីកន្លែងដែលស្ត្រីនោះសាងទុក ព្រោះជាអ្នកប្រាថ្នាបុណ្យ ។ បទថា យេន សា ឥត្ថី តេនុបសង្កមិ សេចក្តីថា ព្រះអនុរុទ្ធបានឮ ពួកអ្នកស្រុកថា មានផ្ទះសម្នាក់ដែលគេសង់ទុកក្នុងទីឈ្មោះនោះ ដូច្នេះ ទើប ចូលទៅរក ។ បទថា គន្ធគន្ធិនី មានវិគ្គហៈថា ក្លិននៃគ្រឿងក្រអូប មានក្រស្នា និង កំញានជាដើម ឈ្មោះថា ក្លិនគ្រឿងក្រអូប ក្លិនគ្រឿងក្រអូបនោះ មានដល់ ស្រីនោះ ហេតុនោះ ទើបស្រីនោះ ឈ្មោះថា គន្ធគន្ធិនី អ្នកមានក្លិនក្រអូប ។ ពីរបទថា សាដកំ និក្ខិបិត្វា សេចក្តីថា ស្រីនោះគិតថា ហេតុអ្វីហ្ន៎ លោកម្ចាស់អង្គនេះ សូម្បីឃើញអាការប្លែកបែបនេះគប្បីកើតតម្រេក ដូច្នេះ ទើបបានធ្វើយ៉ាងនោះ ។ បទថា ឱក្ខិបិត្វា បានដល់ ដាក់ចុះ ( នូវឥន្ទ្រិយ ) ។ ការខុសភ្លាំងភ្លាត់ ឈ្មោះថា ទោសដែលប្រព្រឹត្តកន្លង ។ ពីរបទថា មំ អច្ចគ្គមា បានដល់ ប្រព្រឹត្តទៅកន្លង គឺគ្របសង្កត់នូវខ្ញុំ ។ បទដ៏សេស បណ្ឌិតគប្បីជ្រាបដោយន័យដូចពោលហើយ ក្នុងសិក្ខាបទមុន នោះឯង ។ ឯការប្លែកគ្នា មានត្រឹមបុណ្ណេះ គឺក្នុងសិក្ខាបទមុនត្រូវអាបត្តិក្នុង ថ្ងៃទី ៤ ក្នុងសិក្ខាបទនេះ ត្រូវអាបត្តិសូម្បីក្នុងថ្ងៃទី ១ ។ ត្រូវអាបត្តិទុក្កដ ( ដល់ភិក្ខុដែលសម្រេចការដេករួមគ្នា ) ជាមួយស្រីយក្ខ និងស្រីប្រេត ដែល មានរូបប្រាកដ និងសត្វតិរច្ឆានញី ចំពោះត្រង់វត្ថុនៃមេថុនធម្ម ។ ឯសត្វ តិរច្ឆានញីដ៏សេស ជាអនាបត្តិ ។ សូម្បីសមុដ្ឋានជាដើម ក៏ដូចគ្នានឹងសិក្ខាបទ មុននោះឯង ដូច្នេះឯង ។