បទភោជនីយនៃទុដ្ឋុល្លារោចនសិក្ខាបទ
អធិប្បាយ បទភាជនីយនៃទុដ្លុល្លារោចនសិក្ខាបទ ក្នុងបទថា អត្ថិ ភិក្ខុសម្មតិ អាបត្តិបរិយន្តា ជាដើម មានវិនិច្ឆ័យ ដូច្នេះថា ភិក្ខុសម្មតិដែលព្រះមានព្រះភាគត្រាស់ទុកនេះ មិនបាន មកក្នុងសិក្ខាបទខ្លះទេ តែព្រោះភិក្ខុសម្មតិ ត្រាស់ទុកក្នុងសិក្ខាបទនេះបុណ្ណោះ ឯង ទើបគួរជ្រាបថា សង្ឃឃើញភិក្ខុដែលត្រូវអាបត្តិរឿយៗ ហើយអបលោក ៣ ដង ធ្វើដោយភាពជាអ្នកស្វែងរកប្រយោជន៍ដល់ភិក្ខុនោះថា ភិក្ខុនេះនឹង ដល់នូវការសង្រួមតទៅ ដោយហិរិ និងឱត្តប្បៈក្នុងអ្នកដទៃយ៉ាងនេះ ។ បទថា អទុដ្ឋុល្លំ អាបត្តឹ អារោចេតិ អាបត្តិ ទុក្កដស្ស សេចក្តីថា ត្រូវអាបត្តិទុក្កដដល់ភិក្ខុ ដែលប្រាប់កងអាបត្តិទាំង ៥ កង ។ ក្នុងមហាបច្ចរីកាត់ទុក្កដតែម្យ៉ាង ដល់ភិក្ខុដែលប្រាប់អាបត្តិបារាជិក ។ ក្នុងបទថា អនុបសម្បន្នស្ស ទុដ្ឋុល្លំ វា អទុដ្ឋុល្លំ វា អជ្ឈាចារំ នេះ លោកពោលសេចក្តីទុកថា សិក្ខាបទ ៥ ខាងដើម ឈ្មោះថា អជ្ឈាចារថោក ទាប ដ៏សេសឈ្មោះថា អជ្ឈាចារមិនថោកទាប ឯសុក្កវិសដ្ឋិ កាយសំសគ្គៈ ទុដ្ឋុល្លវាចា និងអត្តកាម ឈ្មោះថា អជ្ឈាចាររបស់ភិក្ខុនោះ ។ អនាបត្តិនៃទុដ្ឋុល្លារោចនសិក្ខាបទ ពីរបទថា វត្ថុំ អារោចេតិ សេចក្តីថា មិនត្រូវអាបត្តិដល់ ភិក្ខុដែលប្រាប់យ៉ាងនេះថា ភិក្ខុនេះត្រូវសុក្កវិសដ្ឋិ ត្រូវកាយសំសគ្គៈ ត្រូវ ទុដ្ឋុល្លវាចា ត្រូវអត្តកាម ។ ពីរបទថា អាបត្តឹ អារោចេតិ សេចក្តីថា ភិក្ខុពោលថា ភិក្ខុនេះត្រូវ បារាជិក ត្រូវសង្ឃាទិសេស ត្រូវថុល្លច្ច័យ ត្រូវបាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត ដូច្នេះ ជាអនាបត្តិ ។