ភូតគាមវគ្គ សិក្ខាបទទី ១
សម័យនោះ ព្រះភគវន្តសម្ពុទ្ធ កាលគង់នៅអាគាឡវចេតិយ ទៀបក្រុងអាឡវី ។ គ្រានោះឯង ពួកភិក្ខុនៅក្នុងក្រុងអាឡវី កាលធ្វើនវកម្ម ក៏កាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឲ្យកាប់ខ្លះនូវដើមឈើ ។ មានភិក្ខុមួយរូប នៅក្រុងអាឡវីកាប់ឈើមួយដើម ។ មានទេវតាមួយអង្គ អាស្រ័យនៅលើ ដើមឈើនោះ បាននិយាយពាក្យនេះ នឹងភិក្ខុនោះថា បពិត្រលោកម្ចាស់ លោកចង់ធ្វើទីនៅរបស់ខ្លួន មិនត្រូវកាប់ទីនៅរបស់ខ្ញុំទេ ។ ភិក្ខុនោះមិនអើពើ ( នឹងពាក្យទេវតានោះ ) ក៏ចេះតែកាប់ឈើនោះទៅ ក៏ត្រូវដៃទារករបស់ទេវតា នោះ ។ វេលានោះឯង ទេវតានោះត្រិះរិះដូច្នេះថា បើដូច្នោះ ខ្លួនអញត្រូវ សម្លាប់ភិក្ខុនេះក្នុងទីនេះ ។ ខណៈនោះឯង ទេវតានោះត្រិះរិះដូច្នេះវិញថា ខ្លួនអញសម្លាប់ភិក្ខុនេះ ក្នុងទីនេះដោយអំពើណា អំពើនេះមិនសមគួរដល់ ខ្លួនអញសោះឡើយ បើដូច្នោះ អញត្រូវក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មាន ព្រះភាគសិន ។ គ្រានោះឯង ទេវតានោះក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ បានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ( ដោយសព្វគ្រប់ ) ។ ព្រះសាស្តាជាម្ចាស់ ទ្រង់ ត្រាស់ថា ម្នាលទេវតា ពាក្យដែលអ្នកថា ប្រពៃពេកណាស់ ម្នាលទេវតា អ្នកឯងមិនបានសម្លាប់ភិក្ខុនោះ ត្រូវពិតហើយ ម្នាលទេវតា បើអ្នកសម្លាប់ភិក្ខុ នោះថ្ងៃនេះហើយ ម្នាលទេវតា អ្នកឯងត្រូវបាននូវបាបជាច្រើន នែទេវតា អ្នកឯង ចូរត្រឡប់ទៅវិញចុះ ក្នុងទីឯណោះ មានឈើមួយដើមយ៉ាងស្ងាត់ អ្នកឯង