សិក្ខាបទវិភង្គនៃភូតគាមសិក្ខាបទ
ឯង ។ សូម្បីមហារាជទាំង ៤ មកកាន់ទីបម្រើរបស់ព្រះមានព្រះភាគ កាល នឹងទៅ ក៏សួរសុខទុក្ខនោះជាមុនហើយ ទើបទៅ ។ អធិប្បាយ ពាក្យថា ភូតគាម ក្នុងបទថា ភូតគាមបតព្យតាយ នេះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា ដែលឈ្មោះថា ភូត ព្រោះអត្ថថា កើតផង ធំចម្រើនឡើងផង ។ អធិប្បាយ ថា រមែងកើត រមែងចម្រើន ឬអធិប្បាយថា កើតហើយ ចម្រើនហើយ ។ បទថា គាមោ ប្រែថា គំនរ ។ គំនរនៃភូតទាំងឡាយ ហេតុនោះ ទើបឈ្មោះថា ភូតគាម ។ ម្យ៉ាងទៀត គំនរ គឺភូត ឈ្មោះថា ភូតគាម ។ បទថា ភូតគាម នោះ ជាឈ្មោះនៃស្មៅ និងដើមឈើពណ៌ខេវោស្រស់ ដែលបញ្ឈរដើមហើយជាដើម ។ ភាវៈនៃការផ្តាច់បង់ ឈ្មោះថា បតព្យតា ( ការធ្វើឲ្យវិនាស ) អធិប្បាយថា ភាវៈដែលបុគ្គលគប្បីបរិភោគ ប្រើប្រាស់ តាមការពេញចិត្ត ដោយការកាត់ និងការវាយជាដើម ។ ព្រោះភាពជាអ្នកធ្វើភូតគាមឲ្យវិនាស នោះនៃភិក្ខុនោះ ។ ពាក្យនេះជាសត្តមីវិភត្តិ ចុះក្នុងអត្ថនៃនិមិត្ត ។ អធិប្បាយ ថា ជាបាចិត្តិយ ព្រោះភាពជាអ្នកបំផ្លាញភូតគាមជាហេតុ គឺព្រោះការកាប់ ភូតគាមជាដើមជាបច្ច័យ ។ អធិប្បាយ សិក្ខាបទវិភង្គនៃភូតគាមសិក្ខាបទ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងចែកភូតគាម នោះ ទើបត្រាស់ពាក្យជាដើម ភូតគាមោ នាម បញ្ច ពីជជាតានិ ដូច្នេះ ។ លោកពោលទុកក្នុងអដ្ឋកថាទាំងឡាយថា ក្នុងបទថា ភូតគាម ជាដើម នោះ ព្រះមានព្រះភាគទ្រង់លើកភូតគាមឡើង ដោយបទថា ភូតគាមោ នាម ដូច្នេះហើយ ត្រាស់បទថា បញ្ច ពីជជាតានិ ជាដើម ដើម្បីទ្រង់ សម្តែងពូជដែលនៅមាន ទើបភូតគាមនៅមាន ។