បទភោជនីយនៃភូតគាមសិក្ខាបទ
ពូជកើតអំពីគ្រាប់ ។ អធិប្បាយ បទភាជនីយនៃភូតគាមសិក្ខាបទ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងប្រភេទនៃ អាបត្តិ អនាបត្តិ និងប្រភេទនៃការធ្វើឲ្យវិនាស ដោយអំណាចសញ្ញា ( ឈ្មោះ ) ក្នុងបទដែលទ្រង់ត្រាស់ថា ភូតគាមបតព្យតាយ បចិត្តិយំ ( ត្រូវអាបត្តិ បាចិត្តិយ ព្រោះធ្វើភូតគាមឲ្យវិនាស ) ទើបត្រាស់បទថា ពីជេ ពីជសញ្ញី ជាដើម ។ ភូតគាមដែលកើតអំពីគ្រាប់ បណ្ឌិតគប្បីជ្រាបថា ព្រះមានព្រះភាគ ត្រាស់ហៅថា ពូជ ក្នុងបទថា ពីជេ ពីជសញ្ញី នោះ ដូចបាយនៃអង្ករស្រូវ សាលី គេតែងហៅថា បាយនៃស្រូវសាលី ក្នុងបទថា សាលីនព្ចោវ ឱទនំ ភុញ្ជតិ ជាដើម ដូច្នោះ ។ ឯពូជដែលលោកកាត់ចេញទុកឲ្យផុតអំពីភូតគាម ដែលព្រះមានព្រះភាគទ្រង់ត្រាស់ ក្នុងបទថា ពីជគាមភូតគាមសមារម្ភា បដិវិរតោ ជាដើម ជាវត្ថុនៃទុក្កដ ។ ម្យ៉ាងទៀត បណ្ឌិតគប្បីប្រកបជាមួយបទដើមនៃសិក្ខាបទវិភង្គ ត្រង់ បទថា ភូតគាមោ នាម ហើយគប្បីជ្រាបអត្ថក្នុងបទថា ពីជេ ពីជសញ្ញី នេះ យ៉ាងនេះថា ភិក្ខុមានការសម្គាល់ក្នុងពូជ ដែលមានឈ្មោះថា ភូតគាម ថាជាពូជ យកសស្រ្តាជាដើមកាត់ឯងក្តី ឲ្យអ្នកដទៃកាត់ក្តី យកដុំថ្មជាដើម វាយឯងក្តី ប្រើអ្នកដទៃឲ្យវាយក្តី នាំយកភ្លើងចូលទៅដុតឯងក្តី ប្រើអ្នកដទៃ ឲ្យដុតក្តី ត្រូវអាបត្តិបាចិត្តិយ ។ តែបណ្ឌិតមិនគប្បីកាន់យកតាមព្រះបាលី កាត់អាបត្តិបាចិត្តិយ ព្រោះការធ្វើឲ្យវិនាសនូវពូជក្រៅអំពីភូតគាមជាដើម ។ អធិប្បាយ ពីជគាម និងភូតគាម ពិតហើយ ក្នុងភូតគាមសិក្ខាបទនេះ មានវិនិច្ឆយកថាដូចតទៅនេះថា ភិក្ខុធ្វើភូតគាមឲ្យវិនាស ត្រូវអាបត្តិបាចិត្តិយ ធ្វើពីជគាម ៥ យ៉ាង ក្រៅអំពី ភូតគាម ត្រូវអាបត្តិទុក្កដ ។