បទភោជនីយនៃឧជ្ឈាបនកសិក្ខាបទ

ក្បាលទី 3 · ទំព័រ 626

ទ្រង់មិនលើកឡើងផង ទ្រង់មិនចែកបទមាតិកានោះផង ចែកទុកដោយឡែក ទ្រង់ធ្វើពាក្យនិគមបុណ្ណោះទុករួមគ្នា ។ អធិប្បាយ បទភាជនីយនៃឧជ្ឈាបនកសិក្ខាបទ ក្នុងបទជាដើមថា ធម្មកម្មេ ធម្មកម្មសញ្ញី នេះ បណ្ឌិតគប្បី ជ្រាបអត្ថដោយន័យថា សម្មតិកម្មណាសង្ឃធ្វើហើយ ដើម្បីឧបសម្បន្ននោះ បើកម្មនោះជាកម្មប្រកបដោយធម៌ ហើយភិក្ខុនោះមានសេចក្តីសម្គាល់ក្នុងកម្ម នោះថា កម្មប្រកបដោយធម៌ រមែងធ្វើការលើកទោស និងពោលទោស តិះដៀល លំដាប់នោះ ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ ព្រោះភាពជាអ្នកពោល ទោស និងពោលតិះដៀលនោះ ។ ក្នុងបទថា អនុបសម្បន្នំ ឧជ្ឈាបេតិ វា ខីយតិ វា មាន អត្ថថា ភិក្ខុរមែងញ៉ាំងអនុបសម្បន្នដទៃ ឲ្យពោលទោសឧបសម្បន្ន ដែល សង្ឃសម្មតិហើយក្តី ឲ្យមើលងាយក្តី តិះដៀលលោកក្នុងសម្នាក់នៃអនុបសម្បន្ននោះក្តី ។ បទថា ឧបសម្បន្នំ សង្ឃេន អសម្មតំ សេចក្តីថា ដែលសង្ឃមិន បានសន្មតដោយកម្មវាចា គឺបុគ្គលដែលសង្ឃលើកភារៈឲ្យថា នេះជាភារៈ របស់លោកតែម្យ៉ាងក្តី នាំភារៈនោះទៅដោយខ្លួនឯងក្តី ដើម្បីការនៅសប្បាយ របស់ភិក្ខុទាំងឡាយ ។ ម្យ៉ាងទៀត អធិប្បាយថា ( រមែងឲ្យពោលទោស ឧបសម្បន្ន ) ដែលធ្វើកម្មដូច្នោះ ក្នុងអាវាសដែលមានភិក្ខុ ២-៣ អង្គ ។ ឯការឲ្យសម្មតិ ១៣ យ៉ាងដល់អនុបសម្បន្ន រមែងមិនគួរដោយពិត សូម្បីយ៉ាងនោះ អនុបសម្បន្នដែលបានទទួលសម្មតិ ក្នុងគ្រាជាឧបសម្បន្ន ក្រោយមក តាំងនៅក្នុងភាពជាអនុបសម្បន្ន ព្រះមានព្រះភាគត្រាស់សំដៅ យកអនុបសម្បន្ននោះថា បុគ្គលដែលសង្ឃសន្មតក្តី ក្នុងបទថា អនុបសម្បន្នំ សង្ឃេន សម្មតំ វា អសម្មតំ វា នេះ ។