ភូតគាមវគ្គ សិក្ខាបទទី ៤
សិក្ខាបទទី ៤ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តព្រះជេត ពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះ ភិក្ខុទាំងឡាយបានតែងតាំងគ្រឿងសេនាសនៈ នៅទីវាល ហើយកំដៅកាយក ្នុងកាលហេមន្តរដូវ ( សម័យដែលមានទឹកសន្សើម ) កាលបើគេប្រាប់ ភត្តកាល គឺ និមន្តឆាន់ ហើយកាលនឹងដើរចេញទៅចាកទីនោះ មិនរើយកមក ទុកដាក់ មិនបានប្រើគេឲ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយ ឥតទាំងបានប្រាប់ ( អ្នកដទៃ ) ស្រាប់តែដើរចេញទៅ ។ ឯគ្រឿងសេនាសនៈ ទទឹកដោយទឹកសន្សើមជោកអស់ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុនោះក៏ពោលទោសតិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិន សមបើនឹងតែងតាំងគ្រឿងសេនាសនៈ នៅទីវាល ហើយកាលនឹងដើរចេញទៅ មិនរើយកមកទុកដាក់ មិនបានប្រើគេឲ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់ ( អ្នកដទៃ ) ស្រាប់តែដើរចេញទៅ គ្រឿងសេនាសនៈ ក៏ជោកជាំដោយទឹកសន្សើម គ្រានោះភិក្ខុទាំងនោះ បានក្រាបទូល សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់បានត្រាស់ សួរនូវភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុបានតែងតាំងគ្រឿង សេនាសនៈនៅទីវាល កាលនឹងដើរចេញទៅ មិនបានរើយក មកទុកដាក់ មិនបានប្រើគេឲ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបាន ប្រាប់ ( អ្នកដទៃ ) ស្រាប់តែដើរចេញទៅ គ្រឿងសេនាសនៈក៏ជោកជាំដោយ ទឹកសន្សើម ពិតមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលអ្នកទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងតែងតាំងគ្រឿង សេនាសនៈនៅទីវាល ហើយកាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់