ភូតគាមវគ្គ សិក្ខាបទទី ៥

ក្បាលទី 3 · ទំព័រ 645

សិក្ខាបទទី ៥ សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុមានពួក ១៧ ជាសម្លាញ់នឹងគ្នា ។ ភិក្ខុទាំងនោះ កាលនឹងនៅក៏នៅជាមួយគ្នា កាលនឹងដើរ ក៏ដើរជាមួយគ្នា ។ ភិក្ខុទាំងនោះឯង បានក្រាលគ្រឿងកម្រាលសម្រាប់ដេក ក្នុងវិហារជារបស់សង្ឃណាមួយ ហើយកាលនឹងដើរចេញទៅ មិនបានរើយកមក ទុកដាក់ មិនបានប្រើអ្នកដទៃឲ្យរើយកមកទុកដាក់វិញ នូវគ្រឿងកម្រាល សម្រាប់ដេកនោះ ហើយឥតទាំងប្រាប់ ( អ្នកដទៃ ) ឡើយ ស្រាប់តែចៀស ចេញទៅ ។ ឯពួកសត្វកណ្តៀរក៏កោរកាត់គ្រឿងសេនាសនៈខូចអស់ ។ ភិក្ខុ ទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា កោតតែភិក្ខុទាំង ១៧ រូប ហានក្រាលគ្រឿង កម្រាល សម្រាប់ដេកក្នុងវិហារជារបស់សង្ឃ ហើយកាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើគេឲ្យរើយកមកទុកដាក់ នូវគ្រឿង កម្រាលសម្រាប់ដេកនោះ ហើយឥតទាំងប្រាប់ ( អ្នកដទៃ ) ឡើយ ស្រាប់តែ ចៀសចេញទៅ ឯពួកសត្វកណ្តៀរក៏កោរកាត់គ្រឿងសេនាសនៈខូចអស់។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក៏បានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏ មានព្រះភាគ ( ដោយសព្វគ្រប់ ) ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់សួរចំពោះភិក្ខុទាំងនោះថា នែភិក្ខុទាំងឡាយ ឮថា ភិក្ខុមានពួក ១៧ រូប បានក្រាលកម្រាល សម្រាប់ដេកក្នុងវិហារជារបស់សង្ឃ ហើយកាលដែល ដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើគេឲ្យរើយកមកទុកដាក់ នូវកម្រាលសម្រាប់ដេកនោះ ឥតទាំងបានប្រាប់ ( អ្នកដទៃ ) ឡើយ ស្រាប់តែ ដើរចេញទៅ គ្រឿងសេនាសនៈពួកសត្វកណ្តៀរវាក៏កោរកាត់ខូចអស់ ជា ពិតមែនឬ ។