សិក្ខាបទវិភង្គនៃទុតិយសេនាសនសិក្ខាបទ
ក្បាលទី 3 · ទំព័រ 650
ពូកគ្រែក្តី ពូកតាំងក្តី ឈ្មោះថា ពូក ។ កម្រាល មាន កម្រាលរក្សាដីជាដើម មានប្រការដូចពោលហើយក្នុងសិក្ខាបទមុននោះឯង ។ សំពត់ក្រាលអង្គុយមានជាយ គប្បីជ្រាបថា និសីទន ។ លោកពោលពាក្យ មានប្រមាណបុណ្ណេះថា សំពត់បាវារ សំពត់កោជ្ជវៈ ( ព្រំ ) ឈ្មោះថា បច្ចត្ថរណ ។ គ្រឿងកម្រាលស្មៅប្រភេទណាមួយ ឈ្មោះថា តិណសណ្ឋារោ ។ ក្នុង គ្រឿងកម្រាលធ្វើដោយស្លឹកឈើ ក៏មានន័យដូច្នេះ ។ អធិប្បាយ សិក្ខាបទវិភង្គនៃទុតិយសេនាសនសិក្ខាបទ ក្នុងបទថា បរិក្ខេបំ អតិក្កាមេន្តស្ស នេះ គប្បីជ្រាប វិនិច្ឆ័យដូច្នេះថា ត្រូវអាបត្តិទុក្កដដល់ភិក្ខុដែលឈានជំហានទី ១ ទៅ ត្រូវ អាបត្តិបាចិត្តិយក្នុងជំហានទី ២ ។ ពីរលេឌ្ឌុបាតអំពីសេនាសនៈ ឈ្មោះថា ឧបចារៈនៃអារាមដែលមិនមានរបង ។