ភូតគាមវគ្គ សិក្ខាបទទី ៦
សិក្ខាបទទី ៦ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ បៀតបៀនយកទីដេកល្អៗ ញ៉ាំងភិក្ខុទាំងឡាយឲ្យក្រោកចេញទៅ ។ លំដាប់ នោះ ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា យើងទាំងឡាយនៅចាំវស្សានៅក្នុងទីនេះ ដោយឧបាយដូចម្តេចហ្ន៎ ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុចូលទៅដេកជ្រៀត បេតោ ភិក្ខុចាស់ទាំងឡាយ ដោយគិតថា ភិក្ខុណាមានសេចក្តីចង្ហៀតចង្អល់ ភិក្ខុនោះនឹងចៀសចេញទៅ ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះក៏ពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបីនឹងចូល ទៅដេកជ្រៀតបេតោពួកភិក្ខុចាស់សោះ ។ ទើបភិក្ខុទាំងនោះ នាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គត្រាស់សួរ ថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នករាល់គ្នាចូលទៅដេកជ្រៀតបេតោភិក្ខុចាស់ ទាំងឡាយពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ការនោះពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស ទាំងឡាយ ពួកអ្នកឯង មិនគួរនឹងចូលទៅដេកជ្រៀតបេតោពួកភិក្ខុចាស់សោះឡើយ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិននាំឲ្យ ជ្រះថ្លាដល់ពួកបុគ្គលដែលមិនទាន់ជ្រះថ្លានោះទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដឹង ហើយ ចូលទៅជ្រៀតបេតោនូវភិក្ខុដែលចូលទៅនៅមុនហើយ សម្រេចនូវ