ភូតគាមវគ្គ សិក្ខាបទទី ៧

ក្បាលទី 3 · ទំព័រ 664

សិក្ខាបទទី ៧ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវនរបស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកសត្តរសវគ្គិយ ភិក្ខុ ( ភិក្ខុមានពួក ១៧ រូប ) នាំគ្នាជួសជុលវិហារធំមួយ មាននៅក្នុង បច្ចន្តប្រទេស ដោយគិតគ្នាថា យើងទាំងឡាយនឹងនៅចាំវស្សា ក្នុងទីនេះ ។ ពួកឆព្វគ្គិយភិក្ខុ ( ភិក្ខុមានពួក ៦ រូប ) បានឃើញពួកសត្តរសវគ្គិយភិក្ខុ នាំគ្នាជួសជុលវិហារ លុះឃើញហើយ បាននិយាយគ្នាយ៉ាងនេះថា ម្នាល អាវុសោ ពួកសត្តរសវគ្គិយភិក្ខុនេះ នាំគ្នាជួសជុលវិហារ បើដូច្នោះ យើង ទាំងឡាយនឹងធ្វើឲ្យភិក្ខុទាំងនោះចៀសចេញទៅ ។ ឆព្វគ្គិយភិក្ខុពួកខ្លះបាន និយាយយ៉ាងនេះថា ម្នាលអាវុសោ សូមលោកទាំងឡាយបង្អង់ចាំឲ្យសត្តរសវគ្គិយភិក្ខុទាំងឡាយ ជួសជុលវិហាររួចសិន លុះជួសជុលស្រេចហើយ យើងទាំងឡាយនឹងធ្វើភិក្ខុទាំងនោះឲ្យចៀសចេញទៅ ។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុបាននិយាយពាក្យនេះនឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ ពួក លោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ ហេតុដូចម្តេច ក៏ពួកលោកមិនប្រាប់ យើងជាមុនសិន យើងទាំងឡាយនឹងបានជួសជុលវិហារឯទៀតវិញ ។ ពួក ឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោ ក្រែងវិហារនោះជារបស់សង្ឃទេដឹង ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា អើអាវុសោ វិហារជារបស់សង្ឃ ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារជាវិហារធំ ពួកលោកក៏នៅបាន ពួកយើងក៏នៅបាន ពួកឆព្វគ្គិយភិក្ខុ និយាយដដែលទៀតថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត