សិក្ខាបទវិភង្គនៃនិកឌ្ឍនសិក្ខាបទ
និក្កឌ្ឍនសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៧ ដូចតទៅនេះ អធិប្បាយ សិក្ខាបទវិភង្គនៃនិក្កឌ្ឍនសិក្ខាបទ បទថា ឯកេន បយោគេន អហុកេបិ ទ្វារេ អតិក្កាមេតិ សេចក្តីថា ក្នុងសេនាសនៈទាំងឡាយ ទោះជាប្រាសាទ ៤-៥ ជាន់ក្តី សាលា ៤ មុខមានខ្លោងទ្វារ ៦-៧-៨ ក្តី ភិក្ខុចាប់ដើមដៃទាំង ២ ក្តី ត្រង់កក្តី ឲ្យ ឈានចេញទៅដោយប្រយោគមួយ មិនសម្រាកក្នុងចន្លោះ ត្រូវអាបត្តិបាចិត្តិយ ១ បុណ្ណោះ កាលអូសសម្រាកៗ ឲ្យឈានចេញទៅ ដោយប្រយោគផ្សេងៗ ត្រូវអាបត្តិបាចិត្តិយជាច្រើន តាមចំនួនទ្វារ ។ កាលមិនយកដៃចាប់អូស ឬ ទាញ ដេញទៅដោយវាចា ពោលថា ចូរចេញទៅ ក៏មានន័យដូច្នេះ ។ វិនិច្ឆ័យក្នុងបទថា អញ្ញំ អនាបេតិ នេះ គប្បីជ្រាបដូច្នេះថា គ្រាន់តែ ប្រើថា ចូរអូសភិក្ខុនេះចេញទៅ ត្រូវអាបត្តិទុក្កដ ។ បើភិក្ខុដែលបានទទួល ប្រើតែម្តងនោះ ឲ្យឈានផុតទ្វារ ច្រើនកន្លែង ក៏ត្រូវអាបត្តិបាចិត្តិយ ១ បុណ្ណោះ បើភិក្ខុដែលទទួលប្រើកំណត់យ៉ាងនេះថា ចូរអូសឆ្លងទ្វារនេះចេញ ទៅក្តី ចូរអូសរហូតដល់ទ្វារធំ ដូច្នេះក្តី ត្រូវអាបត្តិបាចិត្តិយ តាមចំនួនទ្វារ ។