បទភាជនីយនៃនិកឌ្ឍនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 670

អធិប្បាយ បទភាជនីយនៃនិក្កឌ្ឍនសិក្ខាបទ ពីរបទថា តស្ស បរិក្ខារំ សេចក្តីថា ភិក្ខុណាជញ្ជូនចេញឯងក្តី ប្រើឲ្យជញ្ជូនចេញក្តី នូវរបស់ឯណាមួយ ដែលជារបស់ផ្ទាល់ខ្លួននៃភិក្ខុទាំងនោះ ដូចជា បាត្រ ចីវរ ធម្មក្រក គ្រែ តាំង ពូក និងខ្នើយជាដើម ដោយហោច សូម្បីកម្ទេចល័ខ ត្រូវអាបត្តិទុក្កដដល់ភិក្ខុនោះជាច្រើនតាមចំនួននៃវត្ថុ ។ លោកពោលទុកក្នុងមហាបច្ចរីថា ក្នុងទ្រព្យទាំងនោះ ដែលម្ចាស់ទ្រព្យចង យ៉ាងណែន ជាអាបត្តិ ១ បុណ្ណោះ ។ វិនិច្ឆ័យក្នុងបទថា អញ្ញស្ស បុគ្គលិកេ នេះ គប្បីជ្រាបដូច្នេះថា របស់ ផ្ទាល់ខ្លួននៃបុគ្គលអ្នកស្និទ្ធស្នាល ដូចគ្នានឹងរបស់ផ្ទាល់ខ្លួននៃខ្លួននោះឯង ។ ក្នុង ទីគ្រប់អន្លើ អ្នកសិក្សាគប្បីជ្រាបន័យដូចក្នុងពាក្យនេះ ។ តែក្នុងទីណាដែល មានសេចក្តីប្លែកគ្នា យើងនឹងពោលទុកក្នុងទីនោះ ។ អនាបត្តិនៃនិក្កឌ្ឍនសិក្ខាបទ វិនិច្ឆ័យក្នុងពាក្យថា អលជ្ជឹ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា ជាដើម គប្បីជ្រាបដូច្នេះថា ភិក្ខុរមែងដេញភិក្ខុដែលបង្កជម្លោះ និងដែលធ្វើវិវាទដល់ គ្នានឹងគ្នាបុណ្ណោះ ចេញអំពីសង្ឃារាមទាំងមូល ។ ព្រោះថា លោកបានបក្ខពួក ហើយ គប្បីបំបែកសង្ឃក៏បាន ។ ឯពួកភិក្ខុអលជ្ជីជាដើម ភិក្ខុគប្បីអូស ទាញអំពីលំនៅរបស់ខ្លួនបុណ្ណោះ បើដេញលោកទាំងនោះចេញអំពីសង្ឃារាម ទៅ មិនគួរ ។ បទថា ឧម្មត្តកស្ស បានដល់ មិនត្រូវអាបត្តិដល់ភិក្ខុដែលឆ្កួត ។ បទ ដ៏សេសងាយយល់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋាន ៣ កើតឡើងតាមកាយ និងចិត្ត ១ តាម វាចា និងចិត្ត ១ តាមកាយវាចា និងចិត្ត ១ ជាកិរិយា ជាសញ្ញាវិមោក្ខ ជា សចិត្តកៈ ជាលោកវជ្ជៈ ជាកាយកម្ម ជាវចីកម្ម ជាអកុសលចិត្ត ជាទុក្ខវេទនា ដូច្នេះ ។