ភូតគាមវគ្គ សិក្ខាបទទី ១០

ក្បាលទី 3 · ទំព័រ 688

សិក្ខាបទទី ១០ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអាគាឡវចេតិយ ទៀបស្រុកអាឡវី ។ គ្រានោះឯង ភិក្ខុស្រុកអាឡវីទាំងឡាយ កាល ធ្វើនូវនវកម្ម ( កម្មទើបតែកសាងថ្មី ) ដឹងថា ទឹកមានសត្វ ក៏ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ។ ភិក្ខុទាំងឡាយណាជាអ្នកមាន សេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះ ពោលទោសតិះដៀល បន្តុះ បង្អាប់ថា ពួកភិក្ខុស្រុកអាឡវី ដឹងថា ទឹកមានសត្វហើយ មិនសមបីនឹងយកមក ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះសោះឡើយ ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹងថា ទឹក មានសត្វហើយ ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ពិតមែន ឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងដឹងថា ទឹកមានសត្វហើយ មិនសមបើនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះទេ នែមោឃបុរសទាំងឡាយ អំពើ ដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ ឬមួយញ៉ាំងបុគ្គលដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាង នេះថា ភិក្ខុណាមួយដឹងថា ទឹកមានសត្វហើយ ស្រោចឯងក្តី ប្រើគេឲ្យ ស្រោចក្តី នូវស្មៅ ឬដី ត្រូវអាបត្តិបាចិត្តិយ ។