ឱវាទសិក្ខាបទ
ឱវាទសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃឱវាទវគ្គដូចតទៅនេះ ក្នុងបទថា លាភិនោ ហោន្តិ នេះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា ភិក្ខុនីទាំងឡាយ រមែងមិនប្រគេនឯង មិនប្រើអ្នកដទៃឲ្យប្រគេនដល់ព្រះថេរៈ ទាំងនោះ តែពួកកុលធីតាដែលចេញបួសអំពីត្រកូលធំ រមែងដៅចំពោះព្រះអសីតិមហាសាវ័កថា ព្រះថេរៈឈ្មោះនោះ និងឈ្មោះនោះ រមែងពោល ប្រដៅ ហើយពោលសរសើរគុណដែលមាន ដូចជា សីល សុត្តៈ អាចារៈ ជាតិ និងគោត្រជាដើមរបស់អសីតិមហាសាវ័កទាំងនោះ តាមក្រសែនៃពាក្យ សម្តីរបស់ពួកជនជាញាតិ ដែលមកកាន់សម្នាក់របស់ខ្លួន ដែលកំពុងសួរថា បពិត្រ អ្នកនាងម្ចាស់ ពួកនាងបានទទួលឱវាទ ឧទ្ទេស បរិបុច្ឆាអំពីទីណា ដូច្នេះ ។ ពិតហើយ គុណដែលមានបែបនេះ គួរដើម្បីនឹងពោល ។ ព្រោះ ហេតុនោះ ទើបពួកមនុស្សដែលមានចិត្តជ្រះថ្លា បាននាំយកលាភ និងសក្ការៈ ដ៏ច្រើនមក ដូចជា ចីវរជាដើមទៅប្រគេនដល់ព្រះថេរៈទាំងឡាយ ព្រោះហេតុ នោះ ទើបធម្មសង្គាហកៈទាំងឡាយពោលថា លាភិនោ ហោន្តិ ចីវរ ។ បេ ។ បរិក្ខារំ ដូច្នេះ ។ ពីរបទថា ភិក្ខុនិយោ ឧបសង្កមិត្វា សេចក្តីថា បានឮថា បណ្តាភិក្ខុនី ទាំងនោះ ភិក្ខុនីអង្គណាមួយ ក៏មិនមកក្នុងសម្នាក់របស់ឆព្វគ្គិយភិក្ខុទាំងនោះ តែពួកឆព្វគ្គិយភិក្ខុមានចិត្តដែលតណ្ហាក្នុងលាភអូសទាញទៅរឿយៗ បានទៅកាន់ សម្នាក់នៃភិក្ខុនីទាំងនោះ ។ ទើបព្រះធម្មសង្គាហកៈទាំងឡាយសំដៅដល់ ការទៅកាន់សម្នាក់ភិក្ខុនីរបស់ឆព្វគ្គិយភិក្ខុនោះ បានពោលពាក្យថា ភិក្ខុនិយោ ឧបសង្កមិត្វា ដូច្នេះ ។ សូម្បីភិក្ខុនីទាំងនោះបានធ្វើតាមពាក្យសម្តីរបស់ពួក ឆព្វគ្គិយភិក្ខុនោះឯង ព្រោះជាអ្នកមានចិត្តជ្រួលជ្រើម ។