ឱវាទវគ្គ សិក្ខាបទទី ២

ក្បាលទី 3 · ទំព័រ 737

សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយ ប្រដៅពួកភិក្ខុនីដោយវេនជាលំដាប់ៗ ។ សម័យនោះឯង ព្រះចូឡបន្ថកដ៏មានអាយុ ត្រូវវេនប្រដៅភិក្ខុនីទាំងឡាយ ។ ពួកភិក្ខុនីនិយាយគ្នាថា ថ្ងៃនេះ ឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថកគង់ពោល នូវឧទាននោះឯងដដែលៗ ឥឡូវហ្នឹង ។ ភិក្ខុនីទាំងនោះនាំគ្នាចូលទៅរកព្រះ ចូឡបន្ថកដ៏មានអាយុ លុះទៅដល់ហើយក៏ ថ្វាយបង្គំព្រះចូឡបន្ថកដ៏មាន អាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ ឯព្រះចូឡបន្ថកដ៏មានអាយុបាន និយាយនឹងភិក្ខុនីទាំងនោះ ដែលអង្គុយនៅហើយក្នុងទីដ៏សមគួរ ដោយពាក្យ យ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងព្រមព្រៀងគ្នាហើយឬ ។ ពួកភិក្ខុនី តបថា ព្រមព្រៀងគ្នាហើយលោកម្ចាស់ ។ ព្រះចូឡបន្ថកសួរថា ម្នាលនាង ទាំងឡាយ គរុធម៌ ៨ ចាំស្ទាត់ហើយឬ ។ ពួកភិក្ខុនីតបថា ចាំស្ទាត់ហើយ លោកម្ចាស់ ។ ព្រះចូឡបន្ថកប្រាប់ថា ម្នាលនាងទាំងឡាយ នេះហើយជា ឱវាទ ហើយបានពោលនូវឧទាននេះដដែលថា សេចក្តីសោកទាំងឡាយ រមែងមិនមានដល់មុនី ដែលមានអធិចិត្ត មិនប្រមាទ សិក្សានៅក្នុងផ្លូវនៃមោនធម៌ ( គឺអរហត្តញ្ញាណ ) មិនញាប់ញ័រ ( ដោយលោកធម៌ ) មានចិត្តស្ងប់ ( ចាកកិលេស ) តែងមានស្មារតីជានិច្ច ។ ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា យើងទាំងឡាយ បាននិយាយគ្នាទុកមកហើយថា វេលាថ្ងៃនេះ ឱវាទគង់នឹងមិនសម្រេចបរិបូណ៌ ទេ លោកម្ចាស់ចូឡបន្ថកគង់នឹងពោលនូវឧទាននោះឯងដដែលក្នុងកាលឥឡូវ ហ្នឹង ។ ព្រះចូឡបន្ថកដ៏មានអាយុបានស្តាប់ពាក្យនិយាយចរចានេះរបស់ភិក្ខុនី ទាំងឡាយនោះហើយ ។