អត្ថង្គតសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ២ ដូចតទៅនេះ បទថា បរិយាយេន គឺតាមវារៈ សេចក្តីថា តាមលំដាប់ ។ បទថា អធិចេតសោ គឺដែលមានអធិចិត្ត អធិប្បាយថា បុគ្គលប្រកបដោយ ចិត្តដែលក្រៃលែងជាងចិត្តទាំងអស់ គឺអរហត្តផលចិត្ត ។ បទថា អប្បមជ្ជតោ គឺបុគ្គលមិនប្រមាទ មានពាក្យអធិប្បាយថា បុគ្គល ប្រកបដោយការបំពេញកុសលធម៌ជាប់តគ្នា ដោយសេចក្តីមិនប្រមាទ ។ បទថា មុនិនោ សេចក្តីថា ញាណ ត្រាស់ហៅថា មោន ព្រោះដឹង លោកទាំងពីរយ៉ាងនេះថា បុគ្គលណារមែងដឹងលោកទាំង ២ បុគ្គលនោះ តថាគតហៅថា មុនី ព្រោះហេតុនោះ ឬព្រះខីណាស្រព លោកហៅថា មុនី ព្រោះប្រកបដោយញាណនោះ ដល់មុនីនោះ ។ ពីរបទថា មោនបថេសុ សិក្ខតោ សេចក្តីថា អ្នកសិក្សានៅក្នុងផ្លូវនៃ ញាណឈ្មោះ មោន ពោល គឺអរហត្តមគ្គញ្ញាណ គឺក្នុងពោធិបក្ខិយធម៌ ៣៧ ក្តី ក្នុងត្រៃសិក្ខាក្តី ។ ពាក្យនេះ ព្រះមានព្រះភាគត្រាស់សំដៅយកបដិបទា ជាចំណែកខាងដើម ។ ព្រោះដូច្នោះ អ្នកសិក្សាគប្បីឃើញអត្ថក្នុងពាក្យថា មុនិនោ មោនបថេសុ សិក្ខតោ នេះ យ៉ាងនេះថា មុនី អ្នកសិក្សានៅក្នុង ធម៌ជាចំណែកខាងដើមយ៉ាងនេះ ដល់នូវភាពជាមុនី ដោយការសិក្សានេះ ។ បទព្រះគាថាថា សោកា ន ភវន្តិ តាទិនោ សេចក្តីថា សេចក្តីសោក ទាំងឡាយ ព្រោះរឿងព្រាត់ប្រាសចាកឥដ្ឋារម្មណ៍ជាដើមជាខាងក្នុង ( ក្នុង ចិត្ត ) រមែងមិនមានដល់ព្រះខីណាសវមុនី ដែលជាអ្នកមិនញាប់ញ័រ ។ ម្យ៉ាងទៀត ក្នុងបទថា តាទិនោ នេះ មានអត្ថយ៉ាងនេះថា សេចក្តីសោក ទាំងឡាយ រមែងមិនមានដល់មុនី ដែលប្រកបដោយលក្ខណៈ មិនញាប់ញ័រ មានសភាពបែបនេះ ។