ឱវាទវគ្គ សិក្ខាបទទី ៤

ក្បាលទី 3 · ទំព័រ 753

សិក្ខាបទទី ៤ សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយ ប្រដៅពួកភិក្ខុនី តែងបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សឈឺ ។ ពួកឆព្វគ្គិយភិក្ខុនិយាយគ្នាយ៉ាងនេះថា ភិក្ខុជា ថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុ ជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ។ ភិក្ខុទាំងឡាយ ណាជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថ្វីឡើយ ពួកឆព្វគ្គិយភិក្ខុមកនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ។ បេ ។ ព្រះដ៏ មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយនិយាយ គ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់ និងប្រៀន ប្រដៅពួកភិក្ខុនីបុន្មានទេ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែ អាមិស ពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ក៏ថ្វីឡើយ ពួកអ្នកឯងមកពោលយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស នែមោឃបុរសទាំងឡាយ អំពើ ដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ ជ្រះថ្លាទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវ សិក្ខាបទនេះ