ឱវាទវគ្គ សិក្ខាបទទី ៥

ក្បាលទី 3 · ទំព័រ 759

សិក្ខាបទទី ៥ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុមួយរូបត្រាច់ ទៅបិណ្ឌបាតតាមផ្លូវឬច្រកមួយ ក្នុងក្រុងសាវត្ថី ។ មានភិក្ខុនីមួយរូបទៀត ក៏ត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកនោះដែរ ។ ទើបភិក្ខុនោះ និយាយនឹង ភិក្ខុនីនោះយ៉ាងនេះថា ម្នាលនាង នាងចូរទៅក្នុងឱកាសឯណោះ គេប្រគេន ភិក្ខា ។ ឯភិក្ខុនីនោះក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់ ចូរទៅក្នុងឱកាសឯណោះចុះ គេប្រគេនចង្ហាន់ ។ ភិក្ខុ និងភិក្ខុនីនេះបានស្គាល់ គ្នា ព្រោះបានឃើញគ្នាញឹកញយ ។ គ្រានោះឯង សង្ឃកំពុងចែកចីវរគ្នា ។ លំដាប់នោះ ភិក្ខុនីនោះកាលទៅទទួលឱវាទ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅ ដល់ហើយ ថ្វាយបង្គំភិក្ខុនោះហើយ បានឋិតនៅក្នុងទីដ៏សមគួរ ។ ភិក្ខុនោះ បាននិយាយនឹងភិក្ខុនីដែលឋិតនៅក្នុងទីដ៏សមគួរនោះ យ៉ាងនេះថា ម្នាលនាង ចំណែកចីវរនេះរបស់យើង នាងនឹងត្រូវការដែរឬទេ ។ ភិក្ខុនីនោះឆ្លើយថា ករុណាលោកម្ចាស់ ខ្ញុំករុណាមានចីវរចាស់ហើយ ។ ភិក្ខុនោះឲ្យចីវរដល់ ភិក្ខុនីនោះ ។ ចំណែកភិក្ខុនោះជាអ្នកមានចីវរទុព្វលភាព ។ ភិក្ខុទាំងឡាយ បាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរធ្វើចីវររបស់អ្នក ក្នុងកាលឥឡូវនេះចុះ ភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះ ក៏ពោល ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមគួរនឹងឲ្យចីវរដល់ភិក្ខុនីទេ ។ បេ ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងបានឲ្យចីវរដល់ភិក្ខុនី ពិតមែនឬ ។ ភិក្ខុនោះក្រាបទូលតបថា សូមទ្រង់មេត្តាប្រោស