បារិបាចនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 794

គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៩ ដូច្នេះ បទថា មហានាគេ តិដ្ឋមានេ ជាទុតិយាវិភត្តិ ចុះក្នុងអត្ថនៃសត្តមីវិភត្តិ ។ អធិប្បាយថា កាល ព្រះថេរៈជាធំទាំងឡាយមានប្រាកដ ។ ម្យ៉ាងទៀត អ្នកសិក្សាគប្បីឃើញបាឋៈ ដ៏សេសក្នុងពាក្យនេះដូច្នេះថា ឃើញព្រះថេរៈជាធំទាំងឡាយមានប្រាកដ ។ សេចក្តីពិត កាលពោលដោយប្រការក្រោយនេះ សេចក្តីមិនសមឡើយ ។ ពាក្យដែលមិនទាន់ដល់ទីបំផុត ដល់ត្រង់កណ្តាលនៃការផ្តើម និងទីបំផុត ឈ្មោះថា អន្តរាកថា ។ បទថា វិប្បកតា គឺកំពុងធ្វើការនិយាយ ។ បទថា សច្ចំ មហានាគា ខោ តយា គហបតិ សេចក្តីថា ភិក្ខុនី ថុល្លនន្ទាឆ្មៀងមើល ឃើញព្រះថេរៈទាំងឡាយកំពុងចូលមក ដឹងថា ព្រះថេរៈ ទាំងនោះបានឮហើយ ទើបពោលយ៉ាងនេះ ។ បទថា ភិក្ខុនីបរិបចិតំ បានដល់ ដែលភិក្ខុនីដឹកនាំឲ្យប្រគេន ។ អធិប្បាយថា ដែលភិក្ខុនីឲ្យសម្រេច គឺធ្វើឲ្យជារបស់គួរបាន ដោយការ ប្រកាសគុណ ។ តែក្នុងបទភាជនៈនៃបទនោះ ដើម្បីសម្តែងភិក្ខុនី និងអាការ ដែលភិក្ខុនីនោះចាត់ចែងប្រគេន ទើបព្រះមានព្រះភាគត្រាស់ពាក្យថា ដែល ហៅថា ភិក្ខុនី គឺស្រីដែលបានឧបសម្បទា ក្នុងសម្នាក់ឧភតោសង្ឃ ។ ដែល ហៅថា ចាត់ចែង គឺ ( ភិក្ខុនីនិយាយប្រាប់ ) ដល់ជនដែលមិនចង់ឲ្យ មិន ចង់ធ្វើទានក្នុងកាលមុន ដូច្នេះជាដើម ។ អធិប្បាយ សិក្ខាបទវិភង្គនៃបរិបចនសិក្ខាបទ ក្នុងបទថា បុព្វេ គិហិសមារម្ភា នេះ មានវិនិច្ឆ័យដូច្នេះថា បទថា បុព្វេ ប្រែថា តាំងអំពីខាងដើម ភត្តដែលគេផ្តើមទុកហើយ ហៅថា សមារម្ភ ។ បទថា សមារម្ភ នេះ ជាឈ្មោះនៃភត្តដែលគេត្រៀមទុក ហើយ ។ ការផ្តើមនៃពួកគ្រហស្ថ ឈ្មោះថា គិហិសមារម្ភ ។ ភត្តណា ដែលពួកគ្រហស្ថផ្តើមទុកជាខាងដើមមុន ភិក្ខុនីណែនាំឲ្យប្រគេន