អាវសថបិណ្ឌសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃភោជនវគ្គដូចតទៅនេះ ដុំបាយ ក្នុងរោងទាន ឈ្មោះថា អាវសថបិណ្ឌ អធិប្បាយថា អាហារ ដែលគេធ្វើក្នុងរោងទាន រាំងរបងដោយជុំវិញ មានកំណត់បន្ទប់ និងសំយាប មុខទុកជាច្រើន រៀបចំគ្រែ និងតាំងទុកតាមសមគួរដល់ពួកអាគន្តុកៈ អ្នកឈឺ ស្រីមានគភ៌ និងបព្វជិត ហើយចាត់ចែងទុកក្នុងរោងទាននោះ ព្រោះជាអ្នក មានសេចក្តីត្រូវការបុណ្យ គឺវត្ថុគ្រប់យ៉ាង មានបបរ បាយ និងថ្នាំសង្កូវជាដើម ជារបស់ដែលគេរៀបចំទុកដើម្បីឲ្យទាន ដល់ពួកអ្នកដំណើរជាដើមនោះ ។ បទថា ភិយ្យោបិ គឺស្អែកនេះ ។ បទថា អបសក្កន្តិ គឺរមែងចៀសទៅ ។ ពីរបទថា មនុស្សា ឧជ្ឈាយន្តិ សេចក្តីថា ពួកអ្នកស្រុកមិនឃើញពួកតិ រ្ថិយ ទើបសួរថា ពួកតិរ្ថិយទៅណាអស់ បានឮថា ពួកតិរ្ថិយឃើញឆព្វគ្គិយភិក្ខុទាំងនេះហើយ ក៏ចៀសចេញទៅ ទើបនាំគ្នាលើកទោស ។ បទថា កុក្កុច្ចាយន្តោ សេចក្តីថា ធ្វើសេចក្តីរង្កៀស គឺឲ្យកើត សេចក្តីសម្គាល់ថា មិនគួរ ។ អធិប្បាយ សិក្ខាបទវិភង្គនៃអាវសថបិណ្ឌសិក្ខាបទ ច្រើនបទថា សក្កោតិ តម្ហា អាវសថា បក្កមិតុំ សេចក្តីថា រមែង អាចដើម្បីនឹងទៅបានកន្លះយោជន៍ ឬមួយយោជន៍ ។ បទថា ន សក្កោតិ គឺ រមែងមិនអាចដើម្បីនឹងទៅអស់ទីប្រមាណបុណ្ណេះនោះឯង ។ បទថា អនោទ្ទិស្ស សេចក្តីថា ជារបស់ដែលគេរៀបចំទុក ដើម្បី មនុស្សគ្រប់ជំពូក មិនឧទ្ទិសចំពោះលទ្ធិយ៉ាងនេះថា ដល់លទ្ធិពួកនេះបុណ្ណោះ ក្តី ដល់ពួកអ្នកបួសមានប្រមាណបុណ្ណេះបុណ្ណោះក្តី ។