បរម្បរភោជនសិក្ខាបទ
ក្នុងសិក្ខាបទទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា ន ខោ ឥទំ ឱរកំ ភវិស្សតិ យថាយិមេ មនុស្សា សក្កច្ចំ ភត្តំ ករោន្តិ សេចក្តីថា មនុស្សពួកនេះ ធ្វើភត្តាហារដោយគោរព ដោយទំនងដែលជាហេតុក្នុងព្រះ សាសនានេះ ឬទានក្នុងព្រះសង្ឃ មានព្រះពុទ្ធជាប្រធាននេះ ប្រាកដច្បាស់ មិនមែនជាទានថោកថយឡើយ គឺមិនរាប់ជាកុសលតិចតួចថោកទាបឡើយ ។ បទថា កិរ ក្នុងបទថា កិរបតិកោ នេះ ជាឈ្មោះរបស់កុលបុត្រ នោះ ។ ឯកុលបុត្រនោះ គេហៅថា កិរបតិក ព្រោះអត្ថថា ជាអធិបតី ( ជាធំ ) ។ បានឮថា បុរសនោះជាធំ ជាអធិបតីឲ្យថ្លៃឈ្នួល ប្រើកម្មករ ធ្វើការងារដោយកំណត់ជាខែ រដូវ និងឆ្នាំ ។ កម្មករទុគ៌តនោះពោលពាក្យថា ពទរា បដិយត្តា នេះ ដោយអំណាចវោហាររបស់សត្វលោក ។ បទថា ពទរមិស្សកេន គឺផ្សំដោយផ្លែពុទ្រា ។ ពីរបទថា ឧស្សូរេ អាហរិយិត្ថ គឺទាយកនាំបិណ្ឌបាតមក ប្រគេនយូរពេក ។ ការវិកប្បនេះថា ខ្ញុំឲ្យភត្តាហារដែលសង្ឃឹមនឹងបានរបស់ខ្ញុំ ដល់លោកមានឈ្មោះនេះ ឈ្មោះថា ការវិកប្បភត្តាហារ ។ ការវិកប្ប ភត្តាហារ គួរទាំងចំពោះមុខ និងកំបាំងមុខ ។ ឃើញ ( ភិក្ខុ ) ចំពោះមុខ គប្បីពោលថា ខ្ញុំវិកប្បដល់លោកម្ចាស់ ហើយឆាន់ចុះ ។ បើមិនឃើញគប្បី ពោលថា ខ្ញុំវិកប្បដល់សហធម្មិក ៥ ដែលមានឈ្មោះនេះ ហើយឆាន់ចុះ ។ តែក្នុងអដ្ឋកថាទាំងឡាយ មានមហាបច្ចរីជាដើមពោលទុក តែវិកប្បកំបាំងមុខ បុណ្ណោះ ។ ព្រោះការវិកប្បភត្តាហារនេះ ទ្រង់សង្គ្រោះដោយវិនយកម្ម ដូច្នោះ ទើបមិនគួរវិកប្បដល់ព្រះមានព្រះភាគ ។ ពិតហើយ កាលព្រះមានព្រះភាគ ប្រថាប់គង់ក្នុងព្រះគន្ធកុដិក្តី ប្រថាប់គង់ក្នុងជំនុំសង្ឃក្តី កម្មនោះៗ ដែល សង្ឃរួមនឹងភិក្ខុគ្រប់គណៈធ្វើហើយ ឈ្មោះថា ធ្វើល្អហើយនោះឯង ។