សិក្ខាបទវិភង្គនៃកាណមាតាសិក្ខាបទ

ក្បាលទី 3 · ទំព័រ 854

ការអស់ទៅ ។ ក្នុងបទថា ធម្មិយា កថាយ នេះ មានវិនិច្ឆ័យថា សូម្បីនាងកាណា ស្តាប់ធម៌ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដើម្បីប្រយោជន៍ដល់ម្តាយនាង ក៏បានជាសោតាបន្នក្នុងវេលាចប់ទេសនា ។ ពីរបទថា ឧដ្ឋាយាសនា បក្កាមិ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ ឧដ្ឋាការចាកសេនាសនៈ ហើយយាងទៅ ។ បុរសនោះបានឮថា ព្រះសាស្តា ទ្រង់យាងទៅផ្ទះរបស់ម្តាយនាងកាណា ទើបនាំនាងកាណាមក តាំងទុកក្នុង តំណែងតាមប្រក្រតីដើម ។ តែកាលរឿងនេះកើតឡើងហើយ ព្រះមានព្រះភាគមិនទាន់ បញ្ញត្តសិក្ខាបទឡើយ រឿងស្បៀងដើរផ្លូវក៏បានកើតឡើង ព្រោះហេតុនោះ ដើម្បីសម្តែងរឿងនេះជាប់តគ្នាទៅ ទើបព្រះធម្មសង្គាហកាចារ្យទាំងឡាយ ពោលពាក្យថា តេន ខោ បន សមយេន ជាដើម ។ ឧបាសកនោះក៏បាន ប្រើឲ្យប្រគេនរបស់ទាំងអស់ដូចគ្នា ព្រោះខ្លួនជាអរិយសាវ័ក ។ ព្រោះហេតុ នោះ ទើបធម្មសង្គាហកាចារ្យបានពោលថា បរិក្ខយំ អគមាសិ ។ អធិប្បាយ សិក្ខាបទវិភង្គនៃកាណមាតាសិក្ខាបទ ពីរបទថា យង្កិញ្ចិ បហិណកត្ថាយ សេចក្តីថា អាហារវត្ថុឯ ណានីមួយ មាននំស្ងោរ និងនំដាក់ស្ករអំពៅជាដើមដែលមានរសល្អក្រៃលែង ដែលគេ ត្រៀមរៀបចំទុកដើម្បីជារបស់ជំនូន ដល់នូវការរាប់ថា នំទាំងអស់ ក្នុងសិក្ខាបទនេះ ។ ពីរបទថា យង្កិញ្ចិ បថេយ្យត្ថាយ សេចក្តីថា អាហារវត្ថុឯណានីមួយ មានសដូវដុំ សដូវផង់ ល្ង និងអង្ករទាំងអស់ជាដើម ដែលពួកមនុស្សធ្វើ ដំណើរត្រៀមរៀបចំទុក ដើម្បីជាស្បៀងតាមផ្លូវ ដល់នូវការរាប់ថា សដូវ ផង់ទាំងអស់ ក្នុងសិក្ខាបទនេះ ។