បទភោជនីយនៃកាណមាតាសិក្ខាបទ

ក្បាលទី 3 · ទំព័រ 856

អធិប្បាយ បទភាជនីយនៃកាណមាតាសិក្ខាបទ ពីរបទថា បដិក្កមនំ នីហរិត្វា គឺនាំទៅកាន់រោងឆាន់ ភិក្ខុដែលទៅកាន់រោងឆាន់ កុំគេចទៅសាលាដែលគេបោះបង់ចោល គប្បីទៅក្នុង ទីដែលមានភិក្ខុសង្ឃជាច្រើននៅអង្គុយ ។ តែក្នុងមហាបច្ចរីពោលថា រោង ណាមួយនៅជិត និងទីដែលខ្លួនបានបិណ្ឌបាតមក គប្បីទៅត្រង់រោងនោះ និង ទៅក្នុងរោងដទៃ ដោយប្រាថ្នាថា អញនឹងប្រគេនដល់ភិក្ខុដែលធ្លាប់ឃើញគ្នា ធ្លាប់ជួបគ្នា ឬអ្នករួមនិកាយជាមួយគ្នារបស់ខ្លួន រមែងមិនបាន តែបើរោងនោះ ជាទីដែលលោកអង្គុយជាប្រចាំ សូម្បីឆ្ងាយក៏គួរទៅ ។ បទថា សំវិភជិតព្វំ សេចក្តីថា បើភិក្ខុទទួលពេញបាត្រហើយ គប្បី បន្សល់ទុកដើម្បីខ្លួនឯងមួយបាត្រ ហើយប្រគេន ២ បាត្រដល់ភិក្ខុសង្ឃ ។ បើទទួល ២ បាត្រ គប្បីបន្សល់ទុកដើម្បីខ្លួនមួយបាត្រ ហើយប្រគេនមួយ បាត្រដល់សង្ឃ តែរមែងមិនបានដើម្បីនឹងឲ្យតាមមិត្តសម្លាញ់ ។ ភិក្ខុដែល ទទួលមួយបាត្រ បើមិនបំណងនឹងឲ្យអ្វីមួយ ក៏មិនគប្បីឲ្យ គឺគប្បីធ្វើតាមការ ពេញចិត្ត ។ អនាបត្តិនៃកាណមាតាសិក្ខាបទ ពីរបទថា គមនេ បដិប្បស្សទ្ធេ សេចក្តីថា កាលគេរម្ងាប់ គឺ កាត់ការទៅយ៉ាងនេះថា ឥឡូវនេះ អញនឹងមិនបញ្ជូនទៅក្តី អញនឹងមិនទៅក្តី ដូច្នេះ ព្រោះឃើញអន្តរាយក្នុងចន្លោះផ្លូវ ឬព្រោះមិនមានសេចក្តីត្រូវការ ។ ពីរបទថា ញាតកានំ បវារិតានំ បានដល់ ជាអនាបត្តិដល់ភិក្ខុដែល ទទួលរបស់ពួកញាតិ និងជនបវារណាទាំងនោះ ដែលប្រគេនសូម្បីច្រើន ។ តែក្នុងអដ្ឋកថាទាំងឡាយពោលថា គួរទទួលតែល្មមប្រមាណអំពីរបស់ដែល ពួកញាតិ និងជនបវារណាទាំងនោះត្រៀមរៀបចំទុក ដើម្បីជាស្បៀងដើរផ្លូវ និងជារបស់ជំនូន ។