បឋមបវារណាសិក្ខាបទ

ក្បាលទី 3 · ទំព័រ 864

ក្នុងសិក្ខាបទទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ច្រើនបទថា ភិក្ខូ ភុត្តាវី បវារិតា សេចក្តីថា ភិក្ខុទាំងឡាយដែលព្រាហ្មណ៍បវារណា ដោយបវារណារហូតល្មមគ្រប់គ្រាន់ដល់សេចក្តីត្រូវការ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ទាំងឡាយ ទទួលតាមដែល លោកម្ចាស់ប្រាថ្នាចុះ ហើយហាមដោយខ្លួនឯង ដោយការហាម គឺការ បដិសេធយ៉ាងនេះថា ល្មមហើយ អាវុសោ ចូរប្រគេនតិចៗ ចុះ ។ បទថា បដិវិស្សកេ គឺពួកមិត្តសម្លាញ់ដែលនៅក្នុងផ្ទះជិតខាង ។ បទថា កាកោរវសទ្ទំ បានដល់ សំឡេងពួកក្អែកស្រែក ក្រេញ្ជៀវ គឺសំឡេងសត្វក្អែកចោមរោមគ្នាស្រែកខៀវខារ ក្នុងបទថា អលមេតំ សព្វន្តិ នេះ នឹងមិនត្រាស់ តិ អក្ខរៈឡើយ ត្រាស់ត្រឹមតែ អលមេតំ សព្វំ ( ទាំងអស់ក៏គ្រប់គ្រាន់ហើយ ) បុណ្ណេះក៏សមគួរ ។ បទថា ភុត្តាវី ដែលឆាន់ស្រេច ព្រោះភិក្ខុណាទំពាក្តី មិនទំពាក្តី លេបគ្រាប់បាយសូម្បីមួយគ្រាប់ចូលទៅ ភិក្ខុនោះដល់នូវការរាប់ថា អ្នកឆាន់ ស្រេច ក្នុងបទថា ភុត្តាវី នោះ ។ ព្រោះហេតុនោះ ទើបក្នុងបទភាជនៈនៃ បទនោះ ត្រាស់បទថា ភុត្តាវី នាម បញ្ចន្នំ ភោជនានំ ដូច្នេះជាដើម ។ បទថា បវារិតោ គឺដែលមានការហាម ( ភត្ត ) ដែលសម្រេចហើយ គឺមានការបដិសេធដែលធ្វើហើយ ។ ព្រោះការហាមនោះ មិនមែនធ្វើសម្រេចបាន ដោយហេតុត្រឹមតែការបដិសេធ ដោយពិត រមែងសម្រេចបានដោយ អំណាចអង្គ ៥ ។ ដោយហេតុនោះ ក្នុងបទភាជនៈនៃបទនោះ ព្រះមាន ព្រះភាគត្រាស់បទថា បវារិតោ នាម អសនំ បញ្ញាយតិ ជាដើម ។ អធិប្បាយ សិក្ខាបទវិភង្គនៃបឋមប្បវារណាសិក្ខាបទ