ទុតិយបវារណាសិក្ខាបទ
ទុតិយបវារណា ក្នុងសិក្ខាបទទី ៦ មានវិនិច្ឆ័យដូច្នេះ ពីរបទថា អនាចារំ អាចរតិ បានដល់ ធ្វើឲ្យកន្លងល្មើសព្រះបញ្ញត្តិ ។ បទថា ឧបនន្ធិ សេចក្តីថា កាលឲ្យការចងក្រោធកើតឡើង ឈ្មោះថា បានចងសេចក្តីក្រោធរបស់ខ្លួនទុកក្នុងបុគ្គលនោះ អធិប្បាយថា ឲ្យអាឃាត កើតឡើងរឿយៗ ។ ពីរបទថា ឧបនទ្ធោ ភិក្ខុ បានដល់ ភិក្ខុដែលកើតមានសេចក្តីក្រោធ នោះ ។ ពីរបទថា អភិហដ្ឋុំ បវារេយ្យ សេចក្តីថា គប្បីនាំទៅបវារណាយ៉ាង នេះ និមន្តចុះភិក្ខុ ទំពាក្តី ឆាន់ក្តី ។ តែក្នុងបទភាជនៈ ព្រះឧបាលីមិនលើក ពាក្យថា ហន្ទ ភិក្ខុ ជាដើមឡើង ដើម្បីសម្តែងអត្ថនៃការនាំទៅបវារណាដែល ទួទៅតែម្យ៉ាង ទើបពោលថា និមន្តទទួលរបស់តាមដែលម្ចាស់ត្រូវការចុះ ។ បទថា ជានំ គឺដឹងថា ភិក្ខុនោះជាអ្នកហាមភត្តហើយ ។ ក៏ព្រោះការដឹង នោះរបស់ភិក្ខុនោះ រមែងមានដោយអាការ ៣ យ៉ាង ដូច្នោះ ទើបព្រះឧបាលិពោលបទភាជនៈ ដោយន័យថា ជានាតិ នាម សាមំ វា ជានាតិ ដូច្នេះជាដើម ។ បទថា អាសាទនាបេក្ខោ បានដល់ សម្លឹងការរុករាន គឺការចោទ បានដល់ ភាវៈដែលធ្វើឲ្យជាអ្នកអប្បយស ។ អធិប្បាយ សិក្ខាបទវិភង្គនៃទុតិយបវារណាសិក្ខាបទ បទថា បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស សេចក្តីថា កាលភិក្ខុ ដែលខ្លួនបង្អោនប្រគេនភត្ត ទទួលយក ត្រូវអាបត្តិទុក្កដដល់ភិក្ខុដែលបង្អោន ប្រគេន ឯសេចក្តីផ្សេងគ្នានៃអាបត្តិគ្រប់យ៉ាង របស់ភិក្ខុដែលទទួលក្រៅពីនេះ ពោលទុកហើយក្នុងបឋមប្បវារណាសិក្ខាបទ ។ តែក្នុងសិក្ខាបទនេះ ព្រះវិនយធរគប្បីកាត់អាបត្តិទាំងអស់ ដល់ភិក្ខុដែលបង្អោនប្រគេនភត្តបុណ្ណោះ ។