សន្និធិការកសិក្ខាបទ

ក្បាលទី 3 · ទំព័រ 912

ក្នុងសិក្ខាបទទី ៨ មានវិនិច្ឆ័យដូចតទៅនេះថា ព្រះថេរៈជាធំ ដែលរួមនៅក្នុងជដិលភិក្ខុទាំង ១០០០ រូប ឈ្មោះថា វេឡដ្ឋសីសៈ ។ ពីរបទថា អរញ្ញេ វិហរតិ បានដល់ នៅក្នុងអាវាសមួយ ដែលជាកុដិ ជាទីបំពេញព្យាយាម ជិតជេតវនវិហារ ។ បទថា សុក្ខកូរំ បានដល់ បាយមិនមានសម្ល និងម្ហូប ។ បានឮថា ព្រះថេរៈនោះ ឆាន់ខាងក្នុងស្រុកហើយ ខាងក្រោយត្រាច់បិណ្ឌបាត នាំយក បាយដូច្នោះមក ។ ឯព្រះថេរៈនាំយកបាយនោះមក ព្រោះជាអ្នកប្រាថ្នាតិច មិនមែនព្រោះជាអ្នកជាប់ក្នុងបច្ច័យ ។ បានឮថា ព្រះថេរៈសម្រាកសម្រាន្ត នៅដោយនិរោធសមាបត្តិអស់ ៧ ថ្ងៃ ចេញអំពីនិរោធសមាបត្តិ យកបិណ្ឌបាតនោះស្រូបទឹកឆាន់ អង្គុយចូលសមាបត្តិតអំពី ៧ ថ្ងៃនោះទៅ ៧ ថ្ងៃ ទៀត លោកសម្រាកសម្រាន្តនៅអស់ ២ សប្តាហ៍ ៣ សប្តាហ៍ ៤ សប្តាហ៍ ខ្លះ ដោយប្រការយ៉ាងនេះ ទើបចូលកាន់ស្រុកដើម្បីបិណ្ឌបាត ។ ព្រោះហេតុ នោះ ទើបព្រះធម្មសង្គាហកាចារ្យទាំងឡាយពោលថា យូរៗ ទើបលោកចូលទៅ កាន់ស្រុកដើម្បីបិណ្ឌបាត ។ បទថា កា ការណ កិរិយា ( ទាំង ៣ នេះ ) ដោយអត្ថ ដូចគ្នា នោះឯង ។ ការធ្វើការសន្សំមានដល់ខាទនីយ និងភោជនីយនោះ ដូច្នោះ ទើប ឈ្មោះថា សន្និធិការ ។ សន្និធិការនោះឯង ឈ្មោះថា សន្និធិការកៈ ។ សេចក្តី ថា សន្និធិកិរិយា ( ការធ្វើការសន្សំ ) ។ ពាក្យថា សន្និធិការកៈនោះ ជា ឈ្មោះ ( នៃខាទនីយភោជនីយ ) ដែលភិក្ខុទទួលប្រគេនទុកឲ្យកន្លងរាត្រី ១ ដោយហេតុនោះឯង ទើបព្រះឧបាលីពោលទុកក្នុងបទភាជនៈនៃបទថា សន្និធិការកំ នោះថា ដែលភិក្ខុទទួលប្រគេនក្នុងថ្ងៃនេះ ទំពាស៊ីក្នុងថ្ងៃដទៃ ឈ្មោះ ថា សន្និធិការក ។