បណីតភោជនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 922

ក្នុងសិក្ខាបទទី ៩ មានវិនិច្ឆ័យដូច្នេះ បទថា បណីតភោជនានិ បានដល់ ភោជនដែលល្អប្រណីត ។ បទថា កស្ស សម្បន្នំ ន មនាបំ បានដល់ ភោជនដែលប្រកបដោយ គុណសម្បត្តិ បុគ្គលណានឹងមិនពេញចិត្ត ។ បទថា សាទុំ ប្រែថា មានរសឆ្ងាញ់ ។ ក្នុងបទថា យោ បន ភិក្ខុ ឯវរូបនិ បណីតភោជនានិ អគិលានោ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុព្ជោយ្យ នេះ មានវិនិច្ឆ័យ ដូច្នេះថា ភិក្ខុសូមភោជនដែលល្អសុទ្ធៗ មានសប្បិជាដើមមកឆាន់ មិនត្រូវ បាចិត្តិយ ។ ត្រូវទុក្កដ ព្រោះសូមសម្ល និងសូមបាយ ក្នុងពួកសេក្ខិយវត្ត ។ តែភិក្ខុដែលសូមភោជនល្អ ដែលលាយជាមួយបាយមកឆាន់ បណ្ឌិតគប្បី ជ្រាបថា ត្រូវអាបត្តិបាចិត្តិយ ។ ក្នុងពាក្យនេះ មានអធិប្បាយដូចតទៅនេះថា ព្រោះហេតុនោះឯង ទើប ព្រះមានព្រះភាគមិនត្រាស់ថា បណីតានិ ត្រាស់ក្នុងសូត្រថា បណីតភោជនានិ ។ ពិតហើយ កាលទ្រង់ត្រាស់ថា បណីតានិ រមែងសង្គ្រោះ យកសប្បិជាដើមចូលផង តែបើត្រាស់ថា បណីតភោជនានិ អត្ថរមែង ប្រាកដដូច្នេះថា ភោជនដែលកើតអំពីធញ្ញជាតិ ៧ ប្រការ លាយដោយរបស់ ប្រណីត ឈ្មោះថា បណីតភោជន ។ ឥឡូវនេះ ក្នុងបទថា វិញ្ញាបេតិ បយោគេ ទុក្កដំ ជាដើម មានវិនិច្ឆ័យដូចតទៅនេះថា កាលភិក្ខុសូមថា អ្នកចូរឲ្យភត្ត និងសប្បិ ចូរ រោយសប្បិឲ្យ ចូរធ្វើឲ្យលាយជាមួយសប្បិ ហើយឲ្យ ចូរឲ្យសប្បិ ចូរឲ្យសប្បិ និងភត្ត ដូច្នេះ ត្រូវអាបត្តិទុក្កដ ព្រោះការហាមាត់សូម ត្រូវអាបត្តិទុក្កដ ព្រោះទទួលប្រគេន ត្រូវអាបត្តិបាចិត្តិយ ព្រោះទំពាស៊ី ។