អចលកសិក្ខាបទ
ក្នុងសិក្ខាបទទី ១ នៃអចេលកវគ្គ មានវិនិច្ឆ័យដូច្នេះ បទថា បរិវេសនំ ប្រែថា ទីកន្លែងអង្គាស ។ បទថា បរិព្វាជកសមាបន្នោ គឺចូល ដល់ការបួស ។ បីបទថា ទេតិ អាបត្តិ បចិត្តិយស្ស សេចក្តីថា ភិក្ខុឲ្យ បបរ និងបាយល្មមហុតដោយប្រយោគមួយ ត្រូវអាបត្តិបាចិត្តិយ ១ ឲ្យដាច់ ជារយៈៗ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗ ប្រយោគ ។ សូម្បីក្នុងនំ និងបាយ ជាដើម ក៏មានន័យយ៉ាងនេះដូចគ្នា ។ ពីរបទថា តិត្ថិយេ តិត្ថិយសញ្ញី សេចក្តីថា ម្តាយក្តី ពុកក្តី ( របស់ភិក្ខុ ) បួសក្នុងពួកតិរ្ថិយ ។ សូម្បីភិក្ខុជាកូន កាលឲ្យដល់តិរ្ថិយ ទាំងនោះ ដោយសម្គាល់ថា មាតា និងបិតា ត្រូវអាបត្តិបាចិត្តិយដូចគ្នា ។ បទថា ទាបេតិ គឺប្រើឲ្យអនុបសម្បន្នឲ្យ ។ បទថា ឧបនិក្ខិបិត្វា ទេតិ សេចក្តីថា ដាក់លើភាជនៈដែលមានសភាព បែបនោះហើយ ដាក់ភាជនៈនោះឲ្យលើផែនដី ជិតតិរ្ថិយទាំងនោះក្តី ប្រើឲ្យ ដាក់ភាជនៈរបស់តិរ្ថិយទាំងនោះចុះហើយ ឲ្យលើភាជនៈនោះ សូម្បីដាក់បាត្រ ទុកលើរង្វេលក្តី លើផែនដីក្តី ពោលថា អ្នកទាំងឡាយចូរកាន់យកបាត្រនេះ ក៏គួរ ។ បើតិរ្ថិយពោលថា របស់នេះជារបស់ផ្ទាល់ខ្លួនរបស់ខ្ញុំពិត សូម លោកម្ចាស់ដាក់អាមិសនោះក្នុងភាជនៈនេះ គប្បីដាក់ចូលទៅ ព្រោះជារបស់ ផ្ទាល់ខ្លួននៃតិរ្ថិយនោះ ទើបមិនឈ្មោះថា ជាការឲ្យដោយដៃខ្លួនឯង ។ បទ ដ៏សេសក្នុងសិក្ខាបទនេះ ងាយយល់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋាន ដូចឯឡកលោមសិក្ខាបទ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។