ឧយ្យោជនសិក្ខាបទ
ក្នុងសិក្ខាបទទី ២ មានវិនិច្ឆ័យដូច្នេះ បទថា បដិក្កមនេបិ ប្រែថា ក្នុងរោងឆាន់ ។ បទថា ភត្តវិស្សគ្គំ ប្រែថា ភត្តកិច្ច ។ បទថា ន សម្ភាវេសិ ប្រែថា មិនទាន់ពេលវេលា ។ បទថា អនាចារំ បានដល់ ការកន្លងល្មើសតាមកាយទ្វារ និងវចីទ្វារ ដ៏សេសអំពីអនាចារដែលពោលហើយ ។ ក្នុងបទថា ទស្សនូបចារំ វា សវនូបចារំ វា វិជហន្តស្ស នេះ មាន វិនិច្ឆ័យថា បើភិក្ខុឈរក្តី អង្គុយក្តី បណ្តេញ ភិក្ខុណាត្រូវបណ្តេញ ភិក្ខុនោះ កំពុងលះឧបចារៈទៅ និងឈ្មោះថា អាបត្តិមិនមានដល់ភិក្ខុនោះ តែកាលភិក្ខុ ដែលត្រូវបណ្តេញទៅនោះ សូម្បីកំពុងលះ ( ឧបចារៈ ) ទៅ ដោយអត្ថ ក៏ឈ្មោះថា ភិក្ខុដែលបណ្តេញក្រៅអំពីនេះ លះទៅហើយនោះឯង ព្រោះ ដូច្នោះ ភិក្ខុអ្នកបណ្តេញបុណ្ណោះត្រូវអាបត្តិនេះ ។ បណ្តាអាបត្តិទាំងនោះ បើ ជើងម្ខាងនៅក្នុងឧបចារៈនៅឡើយ ត្រូវអាបត្តិទុក្កដ ក្នុងខណៈរំលងខេត្តទៅ ត្រូវអាបត្តិបាចិត្តិយ ។ បណ្តាឧបចារៈ ទស្សនូបចារៈ និងសវនូបចារៈនេះ ប្រមាណ ១២ ហត្ថ ក្នុងឱកាសទីវាលជាប្រមាណនៃឧបចារៈឃើញ ឧបចារៈការបានឮ ក៏ មានប្រមាណស្មើគ្នា ។ បើមានសន្ទះទ្វារ និងកំពែងជាដើមខណ្ឌត្រង់កណ្តាល ភាវៈនៃសន្លឹកទ្វារ និងកំពែងជាដើមនោះ ខណ្ឌទុកនោះឯង ជាការកន្លង ទស្សនូបចារៈ ។ បណ្ឌិតគប្បីជ្រាបអាបត្តិ ដោយការកន្លងទស្សនូបចារៈ ( ឧបចារៈនៃការឃើញ ) នោះ ។ បទថា ន អញ្ញោ កោចិ បច្ចយោ ហោតិ សេចក្តីថា វៀរអនាចារ មានប្រការដូចពោលហើយ មិនមានហេតុចាំបាច់ណាមួយដទៃ ។