សភោជនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 974

ក្នុងសិក្ខាបទទី ៣ មានវិនិច្ឆ័យដូច្នេះ បទថា សយនីឃរេ ប្រែថា ក្នុងផ្ទះសម្រាប់ដេក ។ បទថា យតោ អយ្យស្ស សិក្ខា ទិន្នា ប្រែថា ខ្ញុំបានប្រគេនភិក្ខាហើយ អធិប្បាយថា របស់ណាដែលបុគ្គលមកហើយគប្បី បាន លោកម្ចាស់បានរបស់នោះហើយ និមន្តលោកម្ចាស់ត្រឡប់ទៅចុះ ។ បទថា បរិយុដ្ឋិតោ គឺជាបុគ្គលដែលរាគៈរួបរឹតហើយ សេចក្តីថា មានបំណង ក្នុងមេថុន ។ បទថា សភោជនេ បានដល់ ត្រកូលដែលប្រព្រឹត្តទៅជាមួយ មនុស្ស ២ នាក់ ឈ្មោះថា សភោជន ។ ក្នុងត្រកូលមានមនុស្ស ២ នាក់ នោះ ។ ម្យ៉ាងទៀត បទថា សភោជនេ គឺក្នុងត្រកូលមានភោគៈ ។ ព្រោះថា ស្ត្រីជាភោគៈរបស់បុរស ដែលរាគៈរួបរឹតហើយ និងបុរសដែលជាភោគៈ របស់ស្ត្រី ( ដែលរួបរឹតដោយរាគៈ ) ដោយហេតុនោះឯង ក្នុងបទភាជនៈ នៃបទថា សភោជនេ នោះ ទើបព្រះមានព្រះភាគត្រាស់ថា មានស្ត្រី និង បុរសជាដើម ។ ពីរបទថា មហល្លកេ ឃរេ គឺក្នុងផ្ទះដេកដែលធំទូលាយ ។ បីបទថា បិដ្ឋិសង្ឃាដស្ស ហត្ថបសំ វិជហិត្វា សេចក្តីថា លះហត្ថបាសនៃទ្វារបន្ទប់ ក្នុងផ្ទះដេកនោះ ហើយអង្គុយក្នុងទីជិតខាងក្នុងទីដេក ។ ឯ ផ្ទះដេកដូច្នេះ មានក្នុងសាលាមុខ ៤ ជាដើម ។ ព្រះមានព្រះភាគទ្រង់រមែង សម្តែងការកន្លងហួសទីកណ្តាល ដោយពាក្យនេះថា បិដ្ឋិវំសំ អតិក្កមិត្វា ។ ព្រោះហេតុនោះ បណ្ឌិតគប្បីជ្រាបអាបត្តិ ព្រោះកន្លងត្រង់កណ្តាលនៃផ្ទះដេក ដែលតូច ដែលគេសាងទុកឯណានីមួយ ។ បទដ៏សេសក្នុងសិក្ខាបទនេះ ងាយយល់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋានដូចបឋមបារាជិក ជាកិរិយា ជាសញ្ញាវិមោក្ខ ជាសចិត្តកៈ ជាលោកវជ្ជៈ ជាកាយកម្ម ជាអកុសលចិត្ត មានវេទនា ២ ដូច្នេះឯង ។