អចលកវគ្គ សិក្ខាបទទី ៩

ក្បាលទី 3 · ទំព័រ 1009

សិក្ខាបទទី ៩ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានកិច្ចធុរៈ ក៏នាំគ្នាទៅកាន់កងទ័ព ហើយឈប់នៅក្នុងកងទ័ពច្រើនជាង បីរាត្រីឡើងទៅ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណសក្យបុត្រ មិនគួរនឹងនៅក្នុងកងទ័ពទេ ពួកយើងឯណា មក អាស្រ័យនៅក្នុងកងទ័ព ក៏ព្រោះតែការចិញ្ចឹមជីវិតខ្លួន និងបុត្រភរិយា យើង ទាំងនោះឈ្មោះថា គ្មានលាភផង ឈ្មោះថា បានរបស់អាក្រក់ផង ។ ពួកភិក្ខុ បានឮពួកមនុស្សនោះពោលទោសតិះដៀល បន្តុះបង្អាប់ដូច្នោះហើយ ។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងនៅក្នុងកងទ័ពឲ្យច្រើនជាង បីរាត្រីទៅសោះ ។ បេ ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងទៅនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅ ពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏ មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរ នឹងនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លា ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង- ឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ( បើ ) ភិក្ខុនោះមានហេតុ អ្វីៗ គួរនឹងទៅកាន់កងទ័ពនោះ ភិក្ខុនោះត្រូវនៅក្នុងកងទ័ពបានត្រឹមពីរបី រាត្រី ។ បើនៅឲ្យហួសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។