បឋមអប្បិយសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្ត ផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ប្រាថ្នាអាក្រក់ ១ ឃើញខុស ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្ត ផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងជាទី ស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់ សព្រហ្មចារីទាំងឡាយ ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិន ប្រាថ្នា មិនចង់ឲ្យគេមើលងាយខ្លួន ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រាថ្នាតិច ១ ឃើញត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ ។