អដ្ឋកថាបឋមពលសូត្រ

ក្បាលទី 30 · ទំព័រ 7

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមពលសូត្រទី ៣ ដូចតទៅនេះ បទថា យោនិសោ វិចិនេ ធម្មំ សេចក្តីថា រមែងជ្រើសធម៌ គឺសច្ចៈ ៤ ដោយ ឧបាយ ។ បទថា បញ្ញាយត្ថំ វិបស្សតិ សេចក្តីថា រមែងឃើញសច្ចធម៌ ដោយបញ្ញាដែលសម្បយុត្តដោយមគ្គ មួយអន្លើដោយវិបស្សនា ។ បទថា បជ្ជោតស្សេវ សេចក្តីថា ហាក់បីដូចការរលត់នៃប្រទីប ដូច្នោះ ។ បទថា វិមោក្ខោ ហោតិ ចេតសោ សេចក្តីថា ចរិមកចិត្ត គឺចិត្តដួងចុងក្រោយរបស់ ព្រះខីណាស្រពដែលប្រកបដោយពលទាំងនេះ រមែងរួចផុតចាកវត្ថុ និង អារម្មណ៍ ដូចការរលត់ទៅនៃប្រទីប ដូច្នោះ គឺរមែងមិនប្រាកដទីទៅ ។