អដ្ឋកថា ឧគ្គសូត្រ
ក្នុងទុតិយធនសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ គ្រានោះឯង ឧគ្គរាជមហាមាត្យ បានចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះឧគ្គរាជមហាមាត្យអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រ ព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះមិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋីនេះ ពេញជាមនុស្សស្តុកស្តម្ភផង ជាអ្នកមានទ្រព្យ ច្រើនផង មានភោគៈច្រើនផង ។ ម្នាលឧគ្គៈ មិគារសេដ្ឋីជាចៅរបស់រោហណសេដ្ឋីស្តុកស្តម្ភ តើអាស្រ័យរបស់អ្វី មានទ្រព្យច្រើន តើអាស្រ័យរបស់អ្វី មានភោគៈច្រើន តើអាស្រ័យរបស់អ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន មាសរាប់ បានជាសែនទៅហើយ ចាំបាច់ពោលទៅថ្វីដល់រូបិយវត្ថុ ។ ម្នាលឧគ្គៈ ទ្រព្យ នុ៎ះមានមែនហើយ ម្នាលឧគ្គៈ តថាគតមិននិយាយថា ទ្រព្យនុ៎ះគ្មានទេ បុន្តែ ទ្រព្យនោះឯង ជាសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិ មិនជាទីស្រឡាញ់ ។ ម្នាលឧគ្គៈ ទ្រព្យនេះមាន ៧ យ៉ាង ជារបស់មិន សាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទី ស្រឡាញ់ ។ យ៉ាង តើអ្វីខ្លះ ។ សទ្ធាធនៈ ១ សីលធនៈ ១ ហិរិធនៈ ១ ឱត្តប្បធនៈ ១ សុតធនៈ ១ ចាគធនៈ ១ បញ្ញាធនៈ ១ ។ ម្នាលឧគ្គៈ ទ្រព្យ ៧ យ៉ាងនេះឯង មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិ មិនជាទីស្រឡាញ់បានឡើយ ។ សទ្ធាធនៈ សីលធនៈ ហិរិធនៈ ឱត្តប្បធនៈ សុតធនៈ ចាគ ធនៈ បញ្ញាធនៈជាគម្រប់ ៧ ។