អដ្ឋកថាសារន្ទសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសារន្ទសូត្រទី ១ នៃវជ្ជីវគ្គទី ៣ ដូចតទៅ នេះ បទថា សារន្ទទេ ចេតិយេ បានដល់ ក្នុងវិហារមានឈ្មោះយ៉ាង នោះ ។ បានឮថា កាលព្រះសាស្តាមិនទាន់កើតឡើង លំនៅរបស់យក្ខ ឈ្មោះសារន្ទៈ ក្លាយជាចេតិយ ។ គ្រានោះ ជនទាំងឡាយបាននាំគ្នាសាង វិហារថ្វាយព្រះមានព្រះភាគ ត្រង់ចេតិយនោះឯង ។ បទថា យាវកីវញ្ច ប្រែថា អស់កាលត្រឹមណា ។ បទថា អភិណ្ហសន្និបតា សេចក្តីថា ប្រជុំគ្នា មួយថ្ងៃ ៣ ដង ក្តី ប្រជុំគ្នាម្តងម្កាលក្តី ឈ្មោះថា ប្រជុំគ្នារឿយៗ ។ បទថា សន្និបតពហុលា សេចក្តីថា ឈ្មោះថា ច្រើនដោយការប្រជុំ ព្រោះ មិនគិតថា ទាំងម្សិលមិញ ទាំងក្នុងថ្ងៃមុនៗ យើងក៏ប្រជុំហើយ ដើម្បី ប្រយោជន៍អ្វី ទើបប្រជុំគ្នាក្នុងថ្ងៃនេះទៀត ។ ពាក្យថា វុឌ្ឍិយេវ លិច្ឆវី វជ្ជីនំ បដិកង្ខា នោ បរិហានិ សេចក្តីពិត ស្តេចលិច្ឆវីកាលមិនប្រជុំគ្នារឿយៗ រមែងមិនបានស្តាប់សាសន៍ដែលមកក្នុងទិសទាំងឡាយឡើយ ។ បន្ទាប់អំពី នោះ រមែងមិនជ្រាបថា ខេត្ត ដែន តំបន់នោះ ឬខេត្តដែននិគមនោះ វឹកវរ ពួកចោរពួនស្ទាក់ក្នុងទីនោះៗ ឯពួកចោរកាលដឹងថា អ្នកទាំងឡាយនាំគ្នា ប្រមាទហើយ ក៏ចូលប្លន់ស្រុកជាដើម ធ្វើជនបទឲ្យវិនាស ។ ការវិនាស រមែងមានដល់អ្នកទាំងឡាយ ដោយអាការយ៉ាងនេះ ។ តែកាលប្រជុំគ្នា រឿយៗ រមែងបានស្តាប់រឿងនោះៗ បន្ទាប់អំពីនោះ ក៏បានបញ្ជូនកម្លាំងទៅ ធ្វើការប្រង្កាបសត្រូវ ពួកចោរគិតថា អ្នកទាំងឡាយមិនប្រមាទហើយ ពួកយើង មិនអាចត្រាច់ទៅ ដោយផ្តុំគ្នាជាពួកៗ ដូច្នេះបានឡើយ ហើយក៏បែក ខែកគ្នាទៅ ។