អដ្ឋកថាភិក្ខុសូត្រ

ក្បាលទី 30 · ទំព័រ 70

គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុសូត្រទី ៣ ដូចតទៅនេះ បទថា អភិណ្ហសន្និបតា នេះ ស្មើគ្នានឹងពាក្យដែលពោលហើយ ក្នុងវជ្ជីអបរិហានិយធម៌ ៧ ប្រការនោះឯង ។ ភិក្ខុទាំងឡាយក្នុងព្រះសាសនានេះ មិនប្រជុំគ្នា ជានិច្ច រមែងមិនបានឮដំណឹង ដែលមកក្នុងទិសទាំងឡាយ ។ បន្ទាប់អំពី នោះ រមែងមិនដឹងដំណឹងជាដើមថា សីមាវិហារនោះ វឹកវរ ឧបោសថ និង បវារណាតាំងនៅ ។ ភិក្ខុក្នុងទីឈ្មោះនេះ ធ្វើវេជ្ជកម្ម និងទូតកម្មជាដើម ភិក្ខុទាំងឡាយច្រើនទៅដោយវិញ្ញត្តិ រមែងចិញ្ចឹមជីវិត ដោយការឲ្យផ្លែឈើ និងផ្កាជាដើម សូម្បីពួកភិក្ខុអាក្រក់ទាំងឡាយ ដឹងថា សង្ឃប្រមាទហើយ រមែងធ្វើពាក្យប្រៀនប្រដៅ ដែលគរទុកឲ្យវិនាស ។ ឯភិក្ខុទាំងឡាយ ដែល ប្រជុំគ្នាជានិច្ច រមែងបានដឹងរឿងនោះ ។ លំដាប់នោះ ក៏បញ្ជូនភិក្ខុសង្ឃ ទៅធ្វើសីមាខូចឲ្យត្រង់ ញ៉ាំងឧបោសថ និងបវារណាឲ្យប្រព្រឹត្តទៅ បញ្ជូន ភិក្ខុដែលតាំងនៅក្នុងអរិយវង្ស ទៅក្នុងទីរបស់ពួកភិក្ខុមិច្ឆាជីវៈ ឲ្យបង្រៀន អរិយវង្ស ឲ្យភិក្ខុវិនយធរដាក់និគ្គហៈដល់ភិក្ខុអាក្រក់ទាំងឡាយ សូម្បីភិក្ខុ អាក្រក់ទាំងឡាយដឹងថា សង្ឃមិនសើរើ ពួកភិក្ខុទាំងនោះមិនអាចត្រាច់ទៅជា ពួក ជាក្រុមបាន ដូច្នេះហើយ ក៏បែកខែកគ្នាទៅ ។ គប្បីជ្រាបការចម្រើន និងការវិនាសក្នុងសេចក្តីនេះ ដោយអាការយ៉ាងនេះ ។ ក្នុងបទថា សមគ្គា ជាដើម មានវិនិច្ឆ័យដូចតទៅនេះថា កាលបុគ្គល វាយស្គរ ឬវាយជួងឲ្យសញ្ញាថា សូមសង្ឃប្រជុំគ្នា ដើម្បីជម្រះព្រះចេតិយ ឬប្រក់ខឿនពោធិព្រឹក្ស ឬរោងឧបោសថ ឬដើម្បីតាំងកតិកាវត្ត ភិក្ខុទាំងឡាយ ធ្វើការគេចកែថា ខ្ញុំមានចីវរកម្ម ខ្ញុំនឹងដុតបាត្រ ខ្ញុំមាននវកម្ម ឈ្មោះថា មិន ព្រមព្រៀងគ្នាប្រជុំ ។