កម្មសូត្រ

ក្បាលទី 30 · ទំព័រ 78

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង អបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ឯអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុមិនត្រេកអរនឹងការងារ មិន ប្រកបរឿយៗ នូវភាវៈជាអ្នកមានការងារជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តី សាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនជាអ្នកមានការនិយាយតិរច្ឆានកថា ជាទីត្រេកអរ ។ បេ ។ នឹងមិនជាអ្នកមានការដេកលក់ ជាទីត្រេកអរ នឹងមិនជាអ្នកមានគ្នីគ្នា ជាទីត្រេកអរ នឹងមិនជាអ្នកមានសេចក្តីប្រាថ្នាអាក្រក់ មិនលុះក្នុងអំណាចនៃ សេចក្តីប្រាថ្នាអាក្រក់ មិនមានមិត្តអាក្រក់ មិនមានសម្លាញ់អាក្រក់ មិនងាក ទៅរកបុគ្គលអាក្រក់ មិនដល់នូវសេចក្តីបន្ធូរបន្ថយព្យាយាមក្នុងចន្លោះ ដោយ ការត្រាស់ដឹងនូវគុណវិសេស ត្រឹមតែជាន់ក្រោម អស់កាលត្រឹមណា ម្នាល ភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ ( អស់កាលត្រឹមណោះ ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ ឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយ នឹងប្រតិបត្តិក្នុងអបរិហានិយធម៌ ៧ នេះ អស់កាលត្រឹមណា ម្នាល ភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ ( អស់កាលត្រឹមណោះ ) ។