សញ្ញាសូត្រ

ក្បាលទី 30 · ទំព័រ 84

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង អបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងចម្រើនអនិច្ចសញ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដដល់ ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ។ ម្នាល ភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងចម្រើនអនត្តសញ្ញា ។ បេ ។ នឹងចម្រើនអសុភសញ្ញា នឹងចម្រើនអាទីនវសញ្ញា នឹងចម្រើនបហានសញ្ញា នឹងចម្រើនវិរាគសញ្ញា នឹងចម្រើននិរោធសញ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ ឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថាភិក្ខុទាំងឡាយនឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តី ចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ ( អស់ កាលត្រឹមណោះ ) ។