អដ្ឋកថា ទុតិយសុវចសូត្រ
ក្នុងបឋមសុវចសូត្រទី ៣ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ ។ បេ ។ បាននិយាយសេចក្តីនេះនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ ភាពជាអ្នកប្រដៅ ងាយ ១ ភាពជាអ្នកមានមិត្តល្អ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុ ទាំងឡាយ លុះទេវតានោះបាននិយាយសេចក្តីនេះចប់ហើយ បានថ្លែង សេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណហើយ ក៏បាត់អំពី ទីនោះឯង ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារី បុត្តដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងដោយសេចក្តីសង្ខេបនេះ ឯង ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារយ៉ាងនេះ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរពព្រះសាស្តា ដោយខ្លួនឯងផង ពណ៌នាគុណនៃសេចក្តីគោរព ព្រះសាស្តាផង ភិក្ខុដទៃណាមិនទាន់មាន សេចក្តីគោរពព្រះសាស្តា ក៏ដឹកនាំភិក្ខុទាំងនោះ ឲ្យគោរពព្រះសាស្តាផង ភិក្ខុដទៃណា មានសេចក្តីគោរពព្រះសាស្តាហើយ ក៏ពណ៌នាគុណរបស់ភិក្ខុ ទាំងនោះ តាមសេចក្តីពិតមែនក្នុងកាលគួរផង ។