ទុតិយសខាសូត្រ

ក្បាលទី 30 · ទំព័រ 103

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការ បុគ្គលអ្នកស្វែងមិត្ត ទោះបីលោកបណ្តេញបំបរបង់ចេញ ក៏គួរតែសេពគប់ រាប់រក ចូលទៅអង្គុយជិត ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺភិក្ខុជាអ្នក ( ធ្វើខ្លួន ) ឲ្យជាទីស្រឡាញ់ និងជាទីគាប់ចិត្ត ១ គួរគោរព ១ គួរសរសើរ ១ ឧស្សាហ៍ប្រៀនប្រដៅ ១ អត់ធន់ចំពោះពាក្យ ១ ជាអ្នក និយាយពាក្យជ្រៅ ១ មិនដឹកនាំក្នុងហេតុដែលមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការនេះឯង បុគ្គលអ្នកស្វែងមិត្ត បើទុកជាលោកបណ្តេញបំបរបង់ចេញ ក៏គួរតែសេពគប់ រាប់រក ចូលទៅ អង្គុយជិត ។ ភិក្ខុជាអ្នក ( ធ្វើខ្លួន ) ឲ្យជាទីស្រឡាញ់ផង គួរគោរពផង គួរសរសើរផង ឧស្សាហ៍ប្រៀនប្រដៅផង អត់ធន់ចំពោះពាក្យ ផង ជាអ្នកនិយាយពាក្យជ្រៅផង ទាំងមិនដឹកនាំក្នុងហេតុដែល មិនគួរផង ហេតុទាំងនេះ មានក្នុងបុគ្គលណា ក្នុងលោកនេះ បុគ្គលជាអ្នកប្រាថ្នានូវប្រយោជន៍ អ្នកធ្វើនូវសេចក្តីអនុគ្រោះ មានសភាពដូច្នោះនោះ ឈ្មោះថា ជាមិត្ត បុគ្គលអ្នកមានសេចក្តី ត្រូវការដោយមិត្ត ទោះបីជាលោកធ្វើឲ្យវិនាស ក៏គួរតែតាម សេពគប់ ។