បឋមបដិសម្ភិទាសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ មិន យូរបុន្មាននឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងមិនខាន ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូស ចិត្តរបស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុង របស់អញរួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាង ក្រៅរបស់អញរាយមាយ ១ ភិក្ខុនោះដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងវេទនាទាំងឡាយប្រាកដឡើង ដឹងនូវវេទនាទាំងឡាយ ដែលដល់នូវ សេចក្តីវិនាស ១ ដឹងនូវសញ្ញាទាំងឡាយដែលកើតឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលប្រាកដឡើង ដឹងនូវសញ្ញាទាំងឡាយ ដែលដល់នូវសេចក្តី វិនាស ១ ដឹងនូវវិតក្កទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កទាំងឡាយ ដែលប្រាកដឡើង ដឹងនូវវិតក្កទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ ជា ចំណែកខ្មៅ ឬស ក៏ភិក្ខុនោះបានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយដោយប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៧ ប្រការនេះឯង មិនយូរបុន្មាននឹងធ្វើឲ្យជាក់ច្បាស់សម្រេចនូវ បដិសម្ភទា ៤ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងមិនខាន ។ ៥