ទុតិយបដិសម្ភិទាសូត្រ

ក្បាលទី 30 · ទំព័រ 106

ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើបធ្វើឲ្យជាក់ច្បាស់សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួន ឯង ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្តដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូសចិត្តរបស់ អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុងរបស់អញ រួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្រៅ របស់អញរាយមាយ ១ ព្រះសារីបុត្តដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងនូវវេទនាដែលប្រាកដឡើង ដឹងនូវវេទនាដែលដល់នូវសេចក្តី វិនាស ១ ដឹងនូវសញ្ញាទាំងឡាយដែលកើតឡើង ដឹងនូវសញ្ញាដែលប្រាកដ ឡើង ដឹងនូវសញ្ញាដែលដល់នូវសេចក្តីវិនាស ១ ដឹងនូវវិតក្កទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កដែលប្រាកដឡើង ដឹងនូវវិតក្កដែលដល់នូវ សេចក្តីវិនាស ១ ហេតុក្នុងធម៌ជាទីសប្បាយ ឬមិនជាទីសប្បាយ ថោកទាប ឬខ្ពង់ខ្ពស់ ជាចំណែកខ្មៅ ឬស ក៏សារីបុត្តបានកំណត់ទុកល្អ ធ្វើទុកក្នុងចិត្តល្អ ចងចាំល្អ ដឹងច្បាស់ល្អហើយដោយប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្ត ប្រកបដោយធម៌ ៧ ប្រការនេះឯង ធ្វើឲ្យជាក់ច្បាស់សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ។