ចិត្តសូត្រ

ក្បាលទី 30 · ទំព័រ 119

ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិ ( ទីតាំងនៃវិញ្ញាណ ) នេះ មាន ៧ ប្រការ ។ វិញ្ញាណដ្ឋិតិ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្សខ្លះ ទេវតាពួកខ្លះ និងវិនិបាតពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្ម ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិទី ២ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាក្នុងជាន់ អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិទី ៣ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមាន កាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជា វិញ្ញាណដ្ឋិតិទី ៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិទី ៥ ។ ម្នាលភិក្ខុទាំងឡាយ ពួកស ត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់ វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជា វិញ្ញាណដ្ឋិតិទី ៦ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិទី ៧ ។ ម្នាល ភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិមាន ៧ យ៉ាង នេះឯង ។