អដ្ឋកថាចិត្តសូត្រ

ក្បាលទី 30 · ទំព័រ 121

គប្បីជ្រាបវិនិច្ឆ័យក្នុងចិត្តសូត្រទី ១ នៃមហាយញ្ញវគ្គទី ៥ ដូចតទៅ នេះ បទថា វិញ្ញាណដ្ឋិតិយោ បានដល់ ទីតាំងនៃបដិសន្ធិវិញ្ញាណ ។ សព្ទថា សេយ្យថាបិ ជានិបាត ប្រើក្នុងអត្ថថា ជាឧបមា អធិប្បាយថា មនុស្សទាំងឡាយ ។ ពិតហើយ បណ្តាមនុស្សទាំងឡាយ ដែលប្រមាណ មិនបានក្នុងចក្រវាលដែលប្រមាណមិនបាន សូម្បី ២ នាក់ ឈ្មោះថា ដូចគ្នា ដោយអំណាចពណ៌សម្បុរ និងទ្រង់ទ្រាយជាដើមមិនមាន ។ មនុស្សទាំងឡាយណា ជាបងប្អូនភ្លោះក្នុងទីណាមួយ រមែងដូចគ្នាដោយពណ៌ និងទ្រង់ទ្រាយ មនុស្សទាំងនោះ ប្លែកគ្នាត្រង់មើលទៅមុខ ក្រឡេកឆ្វេងស្តាំ សើច ដើរ និងឈរជាដើមនោះឯង ព្រោះដូច្នោះ ទើបត្រាស់ថា នានត្តកាយា មានកាយផ្សេងគ្នា ។ ឯបដិសន្ធិសញ្ញារបស់សត្វទាំងនោះ ជាត្រៃហេតុកៈ ក៏មាន ជាទុហេតុកៈក៏មាន ជាអហេតុកៈក៏មាន ព្រោះហេតុនោះ ទើបទ្រង់ ត្រាស់ថា នានត្តសញ្ញិនោ គឺមានសញ្ញាផ្សេងគ្នា ។ បទថា ឯកច្ចេ ច ទេវា បានដល់ ទេវតាជាន់កាមាវចរ ៦ ជាន់ ។ ពិតហើយ បណ្តាទេវតាជាន់ កាមាវចរ ៦ ជាន់នោះ ទេវតាពួកខ្លះ មានកាយពណ៌ខេវោ ពួកទេវតាពួកខ្លះ មានកាយពណ៌លឿងជាដើម ឯសញ្ញារបស់ទេវតាទាំងនោះ ជាទុហេតុកៈ ក៏មាន តិហេតុកៈក៏មាន ដែលជាអហេតុកៈមិនមាន ។ បទថា ឯកច្ចេ ច វិនិបតិកា សេចក្តីថា សត្វដែលផុតចាកអបាយ ៤ មានយ៉ាងនេះ គឺឧត្តរា មាតាយក្ខិនី បិយង្ករមាតាយក្ខិនី ផុស្សមិត្តាយក្ខនី ធម្មគុត្តាយក្ខិនី និងវេមានិកប្រេតពួកដទៃ ។ សត្វទាំងនោះ មានកាយផ្សេងគ្នាដោយពណ៌សម្បុរ មាន ពណ៌សម្បុរលឿង ពណ៌សម្បុរស ពណ៌សម្បុរខ្មៅ និងពណ៌សម្បុរស្រគាំ ជាដើម និងដោយការស្គម ការធាត់ ការទាប និងការខ្ពស់ ។