បរិក្ខារសូត្រ និងអដ្ឋកថា
ក្បាលទី 30 · ទំព័រ 126
ម្នាលភិក្ខុទាំងឡាយ សមាធិបរិក្ខារ ( អង្គរបស់សមាធិ ) នេះមាន ៧ ប្រការ ។ សមាធិបរិក្ខារ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ ។ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្ត ដែលមាន អារម្មណ៍មូលតែមួយឯណា ដែលអង្គទាំង ៧ ប្រការនេះ ចោមរោមហើយ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្ត ដែលមានអារម្មណ៍មូលតែមួយនេះ ហៅថា អរិយសមាធិ មានឧបនិស្ស័យដូច្នេះខ្លះ មានបរិក្ខារដូច្នេះខ្លះ ។